ទឹកចិត្តឪពុកសុខចិត្តតែងខ្លួនជាកូនក្រមុំ ដើម្បីរៃអង្គាសប្រាក់ជួយសង្គ្រោះកូនស្រីកើតជំងឺមហារីកគ្រាប់ឈាម
ចិន៖ បុរសជាជាងឈើអាយុ៤៥ឆ្នាំម្នាក់ បានសម្រេចចិត្តស្លៀកពាក់ឈុតរៀបការ និងបានតុបតែងមុខជាកូនក្រមុំផង បានបង្ហាញខ្លួននៅទីសាធារណៈ ដើម្បីសូមរៃអង្គាសប្រាក់យកទៅជួយកូនស្រីរបស់គាត់កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Sichuan ខេត្ត Zigong ប្រទេសចិន ហើយពេលនេះវាបានក្លាយទៅជារឿងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងបណ្តាញសង្គមចិន។
បុរសជាឪពុកដែលមានឈ្មោះថា Guo Anquan បានប្រាប់ឲ្យដឹងថា កាលពី៤ឆ្នាំមុន កូនស្រីរបស់គាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីកគ្រាប់ឈាម ហើយក្នុងរយៈពេល៤ឆ្នាំ នេះគាត់បានចំណាយប្រាក់អស់ពីខ្លួនដើម្បីប្តូរឈាមឲ្យកូនស្រីគាត់ បើមិនដូចនោះទេនាងប្រាកដជាស្លាប់មិនខាន។ រហូតមកទល់នឹងពេលនេះ គាត់គ្មានប្រាក់ដើម្បីប្តូរឈាមឲ្យនាងទៀតទេ ទើបគាត់សម្រចចិត្តចេញមករៃអង្គាសប្រាក់ដូចនេះ។ ប្រជាជនចិនជាច្រើនបានសម្តែងនូវការអាណិតអាសូរបុរសនេះជាខ្លាំង ហើយគេក៏បានផ្តល់ប្រាក់ឲ្យគាត់ជាច្រើនដែរ៕




អត្ថបទ៖ ភក្តី
ប្រភព៖ shanghaiist