ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងអប់រំ៖ ការប្រឡងឌីប្លូម និងបាក់ឌុប ឆ្នាំ២០២០ នៅរក្សាគុណភាពដូចឆ្នាំមុនៗ

    BY Khmernote Media November 12, 2020
    អ្នកនាំពាក្យក្រសួងអប់រំ៖ ការប្រឡងឌីប្លូម និងបាក់ឌុប ឆ្នាំ២០២០ នៅរក្សាគុណភាពដូចឆ្នាំមុនៗ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មា​ន បានឲ្យដឹងថា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ(ឌីប្លូម) និងការប្រឡងសញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅរក្សាគុណភាពដូចឆ្នាំមុនៗដដែល។

    ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា «ខ្ញុំសូមជម្រាបជូនសាធារណៈជនឱ្យជ្រាបថាគុណភាពនៃការប្រឡង ឌីប្លូម និងបាក់ឌុប ឆ្នាំ២០២០នេះ គឺរក្សាគោលការណ៍ដូចឆ្នាំមុនៗដដែល ជារួមក្រសួងអប់រំ នៅរក្សាបន្តការអនុវត្ត គឺការណ៍ធំៗចំនួន៤គឺ៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល អាចទទួលយកបាន ដើម្បីរក្សាគុណភាពប្រឡងជូនដល់បេក្ខជនផ្ទាល់»។

    អ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំនៅតែរក្សាផ្តល់ជូនបេក្ខជននូវនិទ្ទេស A. B. C. D និង E ជូនដល់បេក្ខជនដូចឆ្នាំមុនៗផងដែរ ហើយរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាន់ គោលការណ៍ «អ្នកចេះគឺជាប់ »នៅតែរក្សាដដែល។

    ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្រសួងនឹងបន្តតាមដាន និងវាយតម្លៃចំពោះស្ថានភាពវិវត្តន៍ទាក់ទងនូវស្ថានភាពនឹងជំងឺកូវីដ១៩ ហើយប្រសិនបើមានករណីប្រែប្រួលក្រសួងអប់រំយុវជន និងកីឡា នឹងជម្រាប ជូនសាធារណៈជននាពេលក្រោយ ស្តីពីការប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម។

    ឯកឧត្តមបន្ថែមថា រហូតមកដល់ពេលនេះក្រសួងមិនមានកំណត់ការពន្យារពេល ឬលើកពេលការប្រឡងបាក់ឌុប និងការប្រឡងឌីប្លូមនោះទេ។ សូមជម្រាបថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី២១ ខែធ្នូ សម្រាប់ការប្រឡងសញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ៕

    Share This Post: