សាហាវណាស់! បុរសវ័យចំណាស់រត់កង់បីម្នាក់ ត្រូវក្មេងស្ទាវជិត១០នាក់ ហៅកង់បីជិះពីលូប្រាំមកដល់វត្តអង្គតាមិញ មិនឲ្យលុយហើយ ព្រួតគ្នាវាយប៉ុនប៉ងផ្ដាច់ជីវិតទៀត
ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា១០នាក់ បានជិះម៉ូតូកង់បីមួយគ្រឿង ហើយសង្ស័យ មិនទាន់ដល់គោលដៅផង ម្ចាស់រ៉ឺម៉កទារលុយមុន ធ្វើឱ្យពួកគេខឹង ក៏លោតចុះចេញពីរ៉ឺម៉ក រួចយកដុំថ្មគប់លើម្ចាស់កង់បីរបួសបែកក្បាលតែម្ដង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខហាងគោដុត៩៩៩៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះនិងជាម្ចាស់រ៉ឺម៉កកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកក្មេងស្ទាវចំនួន១០ នាក់ចេញពីម្តុំស្តុបលូប្រាំ ក្នុងគោលបំណងទៅម្តុំវត្តគោកបញ្ជាន់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់មិនទុកចិត្តបានសុំលុយពីក្មេងៗទាំងនោះមុន ខណៈនោះស្រាប់តែក្រុមក្មេងស្ទាវទាំងនោះបានលោតចុះពីលើម៉ូតូកង់បីគាត់ជាបន្តបន្ទាប់គ្នា។
ភ្លាមនោះរូបគាត់ឃើញដូច្នោះក៏បានស្រែកឆោឡោ ស្រាប់តែក្មេងទាំងនោះបានយកដុំថ្មមកគប់ចំក្បាលរបស់គាត់បណ្ដាលឲ្យបែកក្បាលហូរឈាម រួចរូបគាត់បានយកអាវមករុំក្បាលដើម្បីកុំឱ្យហូរឈាម។ បន្ទាប់មកក្មេងទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះបានឲ្យមិត្តភក្តិជួយអូសរ៉ឺម៉កកង់បីទៅផ្ទះសិន រួចបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តាមក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត