អាជ្ញាធរខេត្តព្រះសីហនុចុះណែនាំ និងផ្អាកអាជីវកម្មទូទាំងខេត្តចំនួន ៩៦កន្លែង
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តដឹកនាំក្រុមការងារចម្រុះ ចុះណែនាំ និងផ្អាកអាជីវកម្ម ទូទាំងខេត្តចំនួន ៩៦កន្លែង រួមមាន៖

ទី១. ខារ៉ាអូខេ ចំនួន ៥១ កន្លែង
ទី២. ឌីស្តូតែក ចំនួន ៤ កន្លែង
ទី៣. បៀហ្គាឌីន ចំនួន ៧ កន្លែង
ទី៤. ម៉ាស្សា ចំនួន ២៦ កន្លែង
ទី៥. ស្ទីម សូណា ចំនួន ២ កន្លែង
ទី៦. ក្លឹបហាត់ប្រាណ ចំនួន ៥ កន្លែង
ទី៧. រោងភាពយន្ត ចំនួន ១ កន្លែង
សកម្មភាពខាងលើនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់ក្រុមការងារចម្រុះ និងអាជ្ញាធរក្រុង-ស្រុកទាំង៥ ត្រូវបន្តការតាមដាន និងពិនិត្យជាប្រចាំ ក្នុងករណីរកឃើញទីតាំងណាមួយ មិនស្ដាប់តាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចុះបិទជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអភិបាលក្រុងស្រុក បង្កើនការផ្សព្វផ្សាយអំពីវិធានការសុខាភិបាលនៅតាមមូលដ្ឋាន ទីវត្តអារាម និងតំបន់ទីប្រជុំជន រួមទាំងត្រូវបន្តយកចិត្តទុកដាក់តាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ៕







ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ