ឆ្លងចរន្តអគ្គិសនីឆាបឆេះម៉ាស៊ីនបោកខោអាវក្នុងហាងលក់កាហ្វេមួយកន្លែង ផ្អើលអ្នកភូមិដើមមាក់ក្លឿ ច្បារអំពៅ១
ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីម៉ាស៊ីនបោកខោអាវលេចចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅលើជាន់ទី១ ក្នុងផ្ទះលក់កាហ្វេបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ០១:១០នាទី រំលងអាធ្រាត្រថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលក់កាហ្វេមួយកន្លែងយីហោ “ Chi Shung Cafe Tattoo 99” ជិតស៊ុបពពែ៩៩ ផ្លូវ៣៧១ កែងផ្លូវ៦៣៨ ស្ថិតក្នុងភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសម្តីពីម្ចាស់ផ្ទះមានឈ្មោះ ឈឿង សាងហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះ កើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថាកាលពីព្រលប់ថ្ងៃទី១៣ មុនពេលកើតហេតុគាត់បានប្រមូលខោអាវយកទៅដាក់ក្នុង ម៉ាស៊ីនបោកខោអាវរបស់គាត់ ដែលនៅក្នុងបន្ទប់ជាន់ទី១ ខណៈពេលនោះស្រាប់តែម៉ាស៊ីនបោកខោអាវមិនដំណើរការ ហើយគាត់ក៏បានត្រួតពិនិត្យមើលរួចក៏ឃើញខ្សែភ្លើង ដែលតចេញពីក្នុងម៉ាស៊ីនមានការដាច់រលាត់ បន្ទាប់មកគាត់ក៏បានយកស្កុតពណ៌ខ្មៅ ដែលជាប្រភេទស្តុតរុំខ្សែភ្លើង យកមករុំកន្លែងដែលដាច់រលាត់ ហើយម៉ាស៊ីនបោកខោអាវក៏បានដំណើរឡើងវិញតាមធម្មតា។
ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុ ខណៈពេលដែលគាត់ និងប្រពន្ធកំពុងតែដេកលង់លក់នៅជាន់ឡៅតឿក៏បានលឺសម្លេងអ្នក ជិតខាងដែលគេបានឃើញមានអណ្ដាតភ្លើងឆាបឆេះតាមបង្អួចជាន់ទី១ បានស្រែកឆោឡោហៅគាត់ពីខាងក្រៅផ្ទះ។ បន្ទាប់មកគាត់ក៏ស្ទុះ ងើបឡើងមើលស្រាប់តែឃើញភ្លើងកំពុងតែឆាបចេះម៉ាស៊ីនបោកខោអាវយ៉ាងសន្ធោសន្ធៅភ្លាមៗនោះ ប្រជាពលរដ្ឋក៏បានទំនាក់ទំនង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើការអន្តរាគមន៍។ ហើយលោកចៅសង្កាត់ច្បារអំពៅទី១ ក៏បានបញ្ជូនរថយន្ត បោសសម្អាតផ្លូវមួយគ្រឿងមកធ្វើការជួយបាញ់ទឹកពន្លត់ជាបឋម រួចភ្លើងក៏បានរលត់ទៅវិញជាស្ថាពរភ្លាមៗតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះ មិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ និងបណ្តាលឲ្យខូចខាតម៉ាស៊ីនបោក ខោអាវចំនួន១ និងសម្ភារមួយចំនួនទៀតតែប៉ុណ្ណោះ ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនបោកខោអាវ ៕










ដោយ៖ បងម៉េង ខ្មែរណូត