គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបើកសម្ពោធ និងកាត់ខ្សែបូ ដាក់ឲ្យប្រើប្រាស់ស្នាក់ការកណ្តាលថ្មីជាផ្លូវការ
កាលពីពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាគ្រឹះស្ថានផ្តល់នូវសេវាហិរញ្ញវត្ថុឈានមុខគេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 80 ផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្នាក់ការកណ្តាលថ្មី ដែលបានបើកសម្ពោធកាលពីថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2018 នឹងក្លាយជាស្នាក់ការដ៏សំខាន់ក្នុងការចាប់ផ្តើមនូវរចនាសម្ព័ន្ធបែបទំនើប ដើម្បីជួយពង្រីកមុខជំនួញរបស់ក្រុមហ៊ុន ក្រោមការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងឱកាសល្អៗជូនដល់ប្រជាជនកម្ពុជា។
បន្ទាប់ពីស្នាក់ការកណ្តាលថ្មី ត្រូវបានរចនា និងសាងសង់រួចរាល់ជាស្ថាពរ ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ ADI Architectural Company ពិធីសម្ពោធ និងកាត់ខ្សែបូក៏ត្រូវបានចាប់ផ្តើមក្រោមការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ស្រេង សំឱក សមាជិកក្រុមប្រឹក្សាភិបាល ជាតំណាងប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ភ្ញៀវកិត្តិយស រួមនឹងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អម្រឹត ជាង 400 នាក់។ ភ្ញៀវកិត្តិយសទាំងអស់ ត្រូវបានអញ្ជើញចូលរួមទស្សនានៅក្នុងស្នាក់ការកណ្តាលថ្មី ក៏ដូចជារីករាយពិសានូវអាហារសម្រន់ និងភេសជ្ជៈយ៉ាងឆ្ងាញ់ពិសាថែមទៀតផង។ ក្នុងនោះផងដែរ ប្រវត្តិសង្ខេបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ត្រូវបានដាក់តាំងបង្ហាញនៅលើជញ្ជាំងក្នុងស្នាក់ការថ្មី ដើម្បីឲ្យភ្ញៀវកិត្តិយសទាំងអស់បានឃើញ បានដឹងពីប្រវត្តិរបស់ អម្រឹត ចាប់តាំងពីឆ្នាំចាប់ផ្តើមដំបូង រហូតមកដល់ពេលបច្ចុប្បន្ន។

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា “ភ្ញៀវកិត្តិយសមួយចំនួន ប្រហែលជាបានដឹងខ្លះៗអំពីប្រវត្តិរបស់ អម្រឹត រួចទៅហើយ។ ស្ថាប័ននេះ បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ 1991 ត្រឹមជាគម្រោងឥណទាន សហការជាមួយ GRET ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់បារាំង និងបានសហការជាមួយក្រសួងកសិកម្ម ក្នុងគោលបំណងសាកល្បងឥណទានខ្នាតតូច និងឥណទានជនបទ ដល់ប្រជាជនដែលមានចំណូលទាប។ ដោយមានការគាំទ្រពីបន្ត ពីរដ្ឋាភិបាល និងដៃគូភាគហ៊ុនរបស់យើង អម្រឹត ត្រូវបានវិវឌ្ឍខ្លួន ទៅជាក្រុមហ៊ុនឯកជន នៅឆ្នាំ 2000 ហើយទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាក្នុងឆ្នាំ 2001។
ដោយសារតែភាពរីកចម្រើន និងជំនាញរបស់ខ្លួន អម្រឹត ទទួលបានអាជ្ញាប័ណ្ណដាក់ប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ បន្ថែមទៀត ពីធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីដាក់សន្សំប្រាក់ក្នុងតំបន់ដោយស្របច្បាប់នៅឆ្នាំ 2009។ ក្រោយពីមានភាពជាដៃគូយូរអង្វែងជាមួយក្រុមហ៊ុន Advans អម្រឹត បានក្លាយជាសមាជិកពេញសិទ្ធិរបស់ Advans Group នៅឆ្នាំ 2015 ។ Advans ជាក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុអន្តរជាតិ ឈានមុខគេ ដែលកំពុងប្រតិបត្តិនៅក្នុង 9 ប្រទេសនាពេលបច្ចុប្បន្ន។ អម្រឹត មានមូលដ្ឋានគ្រឹះរឹងមាំ កំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍ទាំងក្នុងសង្គម និងប្រតិបត្តិការហិរញ្ញវត្ថុ ហើយអម្រឹតក៏បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍជនបទ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។”
ស្នាក់ការកណ្តាលនេះ នឹងក្លាយជាផ្ទះថ្មីរបស់បុគ្គលិកជាង 300 នាក់ ក្រោមការដឹកនាំ និងគ្រប់គ្រងដោយលោកស្រី ស៊ូ មុន្នីរក្ស ប្រធានអភិវឌ្ឍន៍មុខជំនួញ របស់ អម្រឹត ។ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា “យើងទាំងអស់គ្នា ពិតជាមានសេចក្តីរំភើបរីករាយជាខ្លាំង ដោយបានធ្វើការនៅក្នុងស្នាក់ការដ៏ទំនើបនេះ។ រចនាបទរបស់ស្នាក់ការទាំងមូល ពិតជាមានភាពទាក់ទាញ ហើយវានឹងក្លាយជាទីកន្លែងដ៏សំខាន់ថ្មីមួយរបស់រាជធានីភ្នំពេញ”។ “យើងទាំងអស់គ្នារីករាយជាមួយបរិយាកាសដ៏បរិសុទ្ធ លក្ខណៈពិសេស និងបង្កើនភាពរីករាយ ដើម្បីធ្វើឲ្យផលិតភាពការងាររបស់យើងកាន់តែប្រសើរ”។
ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាននឹងកំពុងតែរីករាលដាលគ្រប់ទីកន្លែងនៅទូទាំងប្រទេស ហើយស្នាក់ការកណ្តាលថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដោយការដាក់បញ្ចូលគ្នានូវនាយកដ្ឋានសំខាន់ៗ រួមទាំងនាយកដ្ឋានទីផ្សារ គឺស្ថិតក្រោមដំបូលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងការគ្រប់គ្រងពេលវេលាឲ្យល្អបន្ថែមទៀត។ ស្នាក់ការណ្តាលថ្មីនេះ គឺជាស្នាក់ការចុងក្រោយ ដែលបច្ចុប្បន្ន អម្រឹត មានសាខាសរុបជាង 156 កន្លែង គ្របដណ្តប់ទូទាំង 25 ខេត្តក្រុង។
ការបំពេញការងារតែមួយថ្ងៃរបស់បុគ្គលិក គឺបានចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់នូវធនធានសម្រាប់ការសាងសង់ និងគ្រឿងបរិក្ខានានានៅក្នុងអគារផងដែរ។ បុគ្គលិកទាំងអស់បានបង្ហាញនូវការសាទរចំពោះចំណុចសំខាន់ៗ និងរចនាផ្សេងៗនៅក្នុងអគារទាំងមូល។ ជាចុងបញ្ចប់ ដើម្បីជាការថ្លែងអំណរគុណ ក៏ដូចជាការប្តេជ្ញាពង្រឹងសមត្ថភាព និងសេវាកម្មចំពោះភ្ញៀវកិត្តិយសដែលបានចូលរួមទាំងអស់ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍បន្ថែមទៀតថា “អម្រឹត នឹងបន្តកិច្ចខិតខំប្រឹងប្រឹងឲ្យកាន់តែខ្លាំងក្លា ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។ ស្នាក់ការកណ្តាលថ្មីរបស់យើង គឺជាការបោះជំហានទៅមុខមួយជំហានទៀតរបស់យើង ក្នុងការផ្តល់ឲ្យអតិថិជនទាំងអស់នូវជម្រើស និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ ”











