ចិនផឹកស្រវឹងបើករថយន្ត Ranger Rover បោះពួយលឿនដូចហោះជ្រុលទៅបុកគូទរថយន្ត Highlander ខ្ទាតទៅប៉ះរថយន្ត Starex មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្ត Ranger Rover មួយគ្រឿង បោះពួយលឿនដូចហោះ ក៏ជ្រុលទៅបុករថយន្ត Highlander ពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុករថយន្ត Starex មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំទាំងបីគ្រឿង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមពេញកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ នៅតាមផ្លូវព្រះមុនីរ៉េត(២១៧) ខាងត្បូងស្តុបចេនឡា(ស្តុបផ្សារដើមគរ) ១៥០ម៉ែត្រ ទល់មុខភូមិគ្រឹះថៃប៊ុនរ៉ុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-7807 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានស៊ីញ៉ូបត់ឆ្វេងដៃបំណងបត់ត្រលប់ក្រោយបានបន្តិច ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ranger Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M-5279 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកគូទរថយន្ត Highlander ខាងលើពេញទំហឹង បណ្ដាលឲ្យរថយន្ត Highlander ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយស្តារិច(Hyundai Starex) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-2158 បើកបរបញ្ច្រាសទិសដៅចរាចរណ៍គ្នា ពីកើតទៅលិច ចំមួយចំហៀងរថយន្ត Starex ខូចខាតយ៉ាងដំណំ ចំណែករថយន្ត Highlander ខូចខាតខ្ទេចមួយកំណាត់ក្រោយស្ទើរទាំងស្រុង ចំណែករថយន្តបង្កម៉ាក Ranger Rover វិញ ខូចខាតមួយកំណាត់ខាងមុខយ៉ាងដំណំ ។ ភ្លាមៗនោះគេឃើញបុរសជាជនជាតិចិនដែលបើកបររថយន្តបង្ក ក៏បានបើកទ្វាររថយន្តចុះបម្រុងគេចខ្លួនចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់រថយន្តរងគ្រោះជួយចាប់ឃាត់បាន និងប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទំនប់ទឹក។
ហេតុការណ៍នេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសអ្វីឡើយ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមពេញកន្លែងកើតហេតុ និងសមត្ថកិច្ចមូលដ្ឋានចុះមកសម្រួលចរាចរណ៍ និងឲ្យភាគីទាំងបីដោះស្រាយគ្នាមួយជំហានសិនផងដែរ។ បន្តិចក្រោយមក ជនជាតិចិនដែលបើករថយន្ត Ranger Rover បានហៅអ្នកបកប្រែមក ជួយដោះស្រាយជាមួយភាគីរថយន្ត២គ្រឿងខាងលើផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយស្រាប់តែខាងភាគីទាំងបី ចរចាគ្នាត្រូវ ដោយជនជាតិចិននោះ យល់ព្រមសងការខូចខាត ទៅកាន់រថយន្តទាំងពីរគ្រឿងដើម្បីបញ្ចប់រឿង រួចហៅរថយន្តមកស្ទូចយកទៅ យានដ្ឋាន ដើម្បីរងចាំធ្វើការ ជួសជុលដោយខ្លួនឯងបន្តិចទៀត ៕










ដោយ៖ បងម៉េង ខ្មែរណូត