ចងគំនុំជាមួយព្រះសង្ឃតាំងពីជាងមួយឆ្នាំមុន ដោយសារខឹងសុំបួស តែព្រះសង្ឃមិនអនុញ្ញាត រហូតរង់ចាំឱកាសមកដល់ក៏ចាប់ផ្តើមសងសឹកបញ្ចប់គំនុំចាស់តែម្តង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ក្រោយពេលដែលជនសង័្សយរូបនេះធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះជាព្រះសង្ឃគង់ នៅក្នុងអារាមវត្តឈើទាលក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងបានមួយថ្ងៃរួចមក។

ការសម្រេចឃាត់ខ្លួននៅពេលនេះដោយអនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង័្សយឈ្មោះហេង ណារិន ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយពេលដែលរូបគេបានប្រព្រឹត្តករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ(ប្រើអាវុធ)កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យព្រះសង្ឃព្រះនាម សូត្រ សុផុន ព្រះជន ៧២ព្រះវស្សាជាព្រះគ្រូសូត្រឆ្វេងវត្តឈើទាលទទួលរងរបួសនៅលើព្រះភក្រ្តខាងស្តាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ រូបនេះបានសារភាពថា មូលហេតុ ដែលរូបគេយកកាំបិតង៉ុកមកកាប់ប្រហារលើព្រះសង្ឃជាជនរងគ្រោះមានព្រះនាមខាងលើគឺដោយសារ រូបគេមានគំនុំជាមួយព្រះសង្ឃអង្គនេះ កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ។ កាលនោះខ្លួនធ្លាប់មកស្នាក់នៅទីអារាមនេះ ហើយបានសុំព្រះគ្រូព្រះនាម សូត្រ សុផុន បួសជាសាមណេរ ប៉ុន្តែព្រះគ្រូមិនអនុញ្ញាតឱ្យបួស ហើយពេលបន្ទាប់ខ្លួនក៏ចាកចេញពីទីអារាមនោះទៅ ហើយផ្តើមនូវគំនុំនេះរហូតមក លុះដល់ថ្ងៃកើតហេតុខ្លួនជិះម៉ូតូតែ ម្នាក់ឯងប្រដាប់ដោយកាំបិតង៉ុកមួយ ចូលទៅកាប់ប្រហារព្រះសង្ឃ ដែលកំពុងគង់នៅក្នុងកុដិតែអង្គឯង មួយកាំបិតហើយជិះម៉ូតូគេចខ្លួនបាត់ទៅ។
សមត្ថកិច្ចដកហូតបានកាំបិតង៉ុកចំនួន០១ ស្បែក ជើងរបស់ជនសង័្សយមួយគូរនៅកន្លែងកើតហេតុ និងម៉ូតូមួយគ្រឿងដែលគេជិះធ្វើសកម្មភាព ដែលពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការ បន្តតាមផ្លូវច្បាប់៕


ប្រភព៖ ស្នងការដ្ឋានខេត្តបាត់ដំបង