ស្រ្តីគ្នា៣នាក់រួមទាំងក្មេងម្នាក់ទៀត បានជិះឌុបគ្នា ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តកូរ៉េ បណ្ដាលឲ្យបាត់បង់ជីវិត២នាក់ (មានវីដេអូ)
ខេត្តស្ទឹងត្រែង៖ ស្រ្តី៣នាក់រួមជាមួយក្មេងម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ឆ្លងផ្លូវបែកជាបួន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយរថយន្តកូរ៉េដឹកទឹកសុទ្ធលីយ៉ង (Lyyon) ដែលបើកបរពីកើតទៅលិច បណ្ដាលឱ្យស្លាប់ភ្លាមៗពីរនាក់នៅកន្លែងកើតហេតុ និងពីរនាក់ទៀតរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជា៤ ជិតផ្ទះពេទ្យភាព ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍របស់នគបាលចរាចរណ៍បានឲ្យក្រុមការងារខ្មែរណូតដឹងថា ជនរងគ្រោះរួមមាន៖
-ទី១.ឈ្មោះ ស្រី ឡៃ ភេទស្រី អាយុ៣១ឆ្នាំ អ្នកបើកបរម៉ូតូ(ស្លាប់) មានទីលំនៅបណ្ដោះអាសន្ន នៅភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
-ទី២.ឈ្មោះ ចិត្ត កុចនឹម ភេទស្រី អាយុ៦ឆ្នាំ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយ(ស្លាប់)
-ទី៣.ឈ្មោះ សួន សុខុម ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ(របួសធ្ងន់)
-ទី៤.ឈ្មោះ វី ដាណេង ភេទស្រី អាយុ១៧ឆ្នាំ(របួសធ្ងន់) អ្នកទាំងពីរមានទីលំនៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ចំណែកអ្នកបើកបរនិងជិះក្នុងរថយន្តមានគ្នា៤នាក់ ដោយម្នាក់រងរបួសជើងជាតៃកុងរថយន្ត ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់អស់។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា៖ បើតាមការពិនិត្យមើលទៅតាមកាមេរ៉ាសុវត្ថិភាព មុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1C-9208 ជិះគ្នាបួននាក់ បើកក្នុងល្បឿនលឿន ឆ្លងផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន បានទៅបុកជាមួយរថយន្តកូរ៉េពណ៌ខៀវ គ្មានស្លាកលេខពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកបើកបរស្លាប់ និងក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរបួសធ្ងន់ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ សមត្ថកិច្ចបន្តថា តាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានថា អ្នកបើកបរម៉ូតូបានល្មើសច្បាប់ចរាចរណ៍ ដោយបើកបរមិនគោរពសិទ្ធិអាទិភាពផ្លូវធំ ផ្ទុកមនុស្សលើសចំនួនកំណត់។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានល្មើសច្បាប់ចរាចរណ៍ដោយពេលមានគ្រោះថ្នាក់រត់គេចខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនាំយកម៉ូតូនិងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕




ដោយ៖ បងម៉េង ខ្មែរណូត