ខ្ទេចអស់ហើយ! រថយន្តដឹកខ្សាច់មួយគ្រឿងដឹកធ្ងន់ពេក ធ្វើឲ្យបាក់ស្រុតស្ពានសាធារណៈមួយ នៅមុខក្លោងទ្វារវត្តអង្គដូនទេព
កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានករណីរថយន្តធុនធំដឹកខ្សាច់ពេញរថយន្តមួយគ្រឿង ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ 3-3127 បានបាក់ស្រុតដោយសារដឹកធ្ងន់ពេក បណ្តាលអោយស្រុតស្ពានសាធារណៈមួយ នៅចំណុចមុខច្រកចូលក្លោងទ្វារវត្តអង្គដូនទេព ជាប់ផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរខាងកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា គឺនៅច្រកចូលវត្តអង្គដូនទេពនេះសម្បូរទៅដោយរថយន្តដឹកដី និងដឹកខ្សាច់ខ្លាំងណាស់ ហើយដឹកជារៀងរាល់ថ្ងៃផងដែរ ស្រាប់តែនៅថ្ងៃកើតហេតុ រថយន្តបែនដឹកខ្សាច់ដ៏ធំមួយ បានដឹកខ្សាច់ឡើងពេញ បានធ្វើដំណើរចូលមកតាមក្លោងទ្វារវត្តអង្គដូនទេព ក៏បាក់ស្រុតផ្លូវស្ពាននោះតែម្តង ។ បញ្ហានេះប្រជាពលរដ្ឋបានសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការចំពោះឡានដឹកដី ដឹកខ្សាច់ទាំងអស់នេះផង ព្រោះបានកំពុងបំផ្លាញផ្លូវ បំផ្លាញសោភ័ណភាព ជាពិសេសហុយដីប៉ះពាល់សុខភាពប្រជាពលរដ្ឋតែម្តង ៕
