រាជរដ្ឋាភិបាលថៃសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ, ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បង្ហាញលេខទូរស័ព្ទ២ខ្សែ សម្រាប់ឲ្យបងប្អូនខ្មែរនៅប្រទេសថៃទាក់ទងពេលបញ្ហា
យោងតាមសេចក្តីជូនដំណឹងពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ មេត្តាជ្រាបថា រដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩ រលកថ្មីនៅក្នុងប្រទេសថៃ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បន្តទៀត។
ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕
