ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យបក្ខពួកនៅសេសសល់ក្រុមកាប់ប្លន់ម៉ូតូពលរដ្ឋពេលយប់ ឆ្លៀតចូលក្លឹបរាំលេងសប្បាយស្មានតែប៉ូលិសភ្លេចមុខ ចៃដន្យប៉ូលិសឆ្មក់ចូលទៅក្របួចជាប់ដល់ក្នុងក្លឹប

    BY Khmernote Media January 6, 2021
    ជនសង្ស័យបក្ខពួកនៅសេសសល់ក្រុមកាប់ប្លន់ម៉ូតូពលរដ្ឋពេលយប់ ឆ្លៀតចូលក្លឹបរាំលេងសប្បាយស្មានតែប៉ូលិសភ្លេចមុខ ចៃដន្យប៉ូលិសឆ្មក់ចូលទៅក្របួចជាប់ដល់ក្នុងក្លឹប

    រាជធានីភ្នំពេញ៖ ជនសង្ស័យបក្ខពួកនៅសេសសល់ក្រុមកាប់ប្លន់ម៉ូតូពលរដ្ឋពេលយប់ ឆ្លៀតចូលក្លឹបរាំលេងសប្បាយស្មានតែប៉ូលិសភ្លេចមុខ ត្រូវប៉ូលិសប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋានខណ្ឌមានជ័យ ចូលទៅក្របួចដល់ក្នុងក្លឹបបាន៦នាក់ យកទៅសាកសួរយក ចម្លើយបន្តឈានដល់ឃាត់ខ្លួនបក្ខពួកបាន២នាក់ទៀតសរុប៨នាក់ យកមកសួរនាំនៅប៉ុស្តិ៍ចោមចៅ១ បន្ទាប់ពីការសាកសួរជនសង្ស័យ ទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាកាប់ប្លន់ ដែលនៅសេសសល់មានចំនួន ២នាក់ប៉ុណ្ណោះ ចំណែក៦នាក់ទៀត មិនមែនជាមុខ សញ្ញាកាប់ប្លន់នោះឡើយ។

    ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង កាលវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងក្លឹបសេះមាស ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នគរបាលប៉ុស្តិ៍ចោមចៅទី១បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា កាលពីវេលាម៉ោង១និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានជនសង្ស័យមួយក្រុមជាង១០នាក់ប្រដាប់ដោយដំបង និងកាំបិត បានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HY-7996 ពីយុវជន៣នាក់ នៅចំណុចជិតបុរីTK3 ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក្នុងនោះធ្វើអោយយុវជនម្នាក់ឈ្មោះ កែវ សុរាជ្យ អាយុ២០ឆ្នាំរងរបួសធ្ងន់ចំណែក២នាក់ទៀត រងរបួសស្រាល។ រួចជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធីបន្ត។

    បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ លុះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញខណ្ឌ បានចុះសហការស្រាវជ្រាវរយៈពេលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០២០ ក៏ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើជាបន្តបន្ទាប់បាន០៩នាក់(លើកទី១) ។ ក្រុមជនសង្ស័យដែលឃាត់ខ្លួនលើកទី១ មានដូចជា៖
    ១.ឈ្មោះ ចាន់ សុភត្រា ហៅ អាប៊ី អាយុ១៨ឆ្នាំ
    ២.ឈ្មោះ ម៉ាប់ ម៉េត ហៅអាអ៊ីណូ អាយុ១៨ឆ្នាំ
    ៣.ឈ្មោះ លី សុខហេង ហៅអាយួន អាយុ២០ឆ្នាំ
    ៤.ឈ្មោះ ឃន ដា ហៅថា អាយុ១៨ឆ្នាំ
    ៥.ឈ្មោះ កុយ សោភា ហៅ ពៅ អាយុ១៧ឆ្នាំ
    ៦.ឈ្មោះ មាន រតនា ហៅខ្នារ អាយុ១៨ឆ្នាំ
    ៧.ឈ្មោះ គា ហ័រ ហៅ ហ័រ អាយុ១៨ឆ្នាំ
    ៨.ឈ្មោះ ណែត ទិត្យ ហៅកា ហៅកា៥៥ អាយុ១៨ឆ្នាំ
    ៩.ឈ្មោះ នូ បូរ៉ា ហៅ ពិន អាយុ១៨ឆ្នាំ។ (ជនសង្ស័យទាំង៩នាក់ខាងលើ ស្នាក់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ)។ ជនសង្ស័យ ៩នាក់ខាងលើ ត្រូវបានកសាងសុំណំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០២០កន្លងទៅ ចំណែកបក្ខពួកនៅសេសសល់ សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តពេលក្រោយទៀត ។

    សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ បានបញ្ជាក់ឲ្យខ្មែរណូតដឹងទៀតថា ជនសង្ស័យដែលជាបក្ខពួកក្រុមកាប់ប្លន់ម៉ូតូពលរដ្ឋពេលយប់នៅសេសសល់ ស្មានតែប៉ូលិសភ្លេចមុខ បានចូលក្លឹបរាំលេងសប្បាយក្នុងក្លឹបសេះមាស ប៉ុន្តែត្រូវប៉ូលិសប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឆ្មក់ចូលទៅឃាត់ខ្លួន(លើកទី២) បានជនសង្ស័យចំនួន៦នាក់ និងម៉ូតូចំនួន០៤គ្រឿង នៅក្នុងក្លឹបសេះមាស ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នាវេលាម៉ោងឃាត់ខ្លួនខាងលើ រួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ នៅស្នាក់ការប៉ុស្តិ៍ ចោមចៅ១ ។ នៅចំពោះមុខសមត្ថកិច្ចក្រោយពីបានសួរនាំយកចម្លើយរួច ក៏បានបន្តស្រាវជ្រាវរកបក្ខពួកបន្ថែមចំនួន២នាក់ទៀត និងឃាត់ខ្លួនបាន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវបេតុង (ក្រោយពេទ្យឯករាជ្យ) សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រួមទាំងម៉ូតូ២គ្រឿងទៀត សរុបទាំងអស់៨នាក់ និងម៉ូតូ៦គ្រឿង ។ បន្ទាប់ពីការសាកសួរជនសង្ស័យទាំង ៨នាក់ ត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាកាប់ប្លន់ ដែលជាបក្ខពួកនៅសេសសល់មានចំនួន ២នាក់ប៉ុណ្ណោះ ចំណែក៦នាក់ទៀត មិនមែនជាមុខសញ្ញាកាប់ប្លន់ នោះឡើយ។

    បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះចេន បឿក ហៅអា​ បឿក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ គឹម សួរ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានបញ្ជូនជនសង្ស័យ២នាក់ មុខសញ្ញាកាប់ប្លន់រួមម៉ូតូ ២គ្រឿង ដើម្បីបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីបន្ត ចំណែកជនសង្ស័យ ៦នាក់ទៀត រួមម៉ូតូចំនួន ៤គ្រឿង ត្រូវបាន សមត្ថកិច្ចរងចាំអាណាព្យាបាលមកធានានឹងធ្វើកិច្ចសន្យាអោយពួកគាត់ត្រឡប់ទៅផ្ទះវិញ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: