ប្រុសស្រី២នាក់ត្រូវអស់ជីវិត ក្រោយជិះម៉ូតូធំឌុបគ្នាបើកយ៉ាងលឿន មិនពាក់មួកសុវត្ថិភាពទៀត ដល់ផ្លូវកោងមិនបន្ថយល្បឿនជ្រុលបុកបង្គោលភ្លើងពេញទំហឹងតែម្តង
ក្រុងតាខ្មៅ ៖ បុរសនារី២នាក់ជិះម៉ូតូធំ (ម៉ូតូកាហ្វេ) ឌុបគ្នាក្នុងល្បឿនលឿន មិនពាក់មួកការពារសុវត្ថិភាព ដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ចំណែកម៉ូតូខ្ទាតទៅមុខផ្ទះប្រជាពលរដ្ឋខ្ទេចយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ “ចែអូន” នៅលើផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងនារីម្នាក់ទៀតរួមដំណើរពីក្រោយ មានឈ្មោះ ប៊ី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងក្រុងតាខ្មៅ (អ្នកទាំងពីរបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ) ។
បើតាមលោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផែនចរាចរណ៍ក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតពីសភាពនៃរឿងហេតុដូច្នេះថា នៅមុនពេលកើតហេតុ មានម៉ូតូធំមួយគ្រឿង ម៉ាក BMW (ដែលគេហៅថាម៉ូតូកាហ្វេ) ពណ៌ខ្មៅ គ្មានស្លាកលេខ(មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងតែម្ដង ។
យោងតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ច មូលហេតុមកពី អ្នកបើកបរម៉ូតូបើកបរលើផ្លូវកោង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ក្រោយកើតហេតុ មធ្យោបាយដែលពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ យកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមតិវិធី ៕

ដោយ៖ បងម៉េង ខ្មែរណូត