ដើមឈើធំៗចំនួន៣ដើមមានអាយុកាលជាង៣០០ឆ្នាំ នៅលើសួនកាណាឌីយ៉ា ផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ដោយសារពុកគល់ និងទ្រេតអាជ្ញាធរភ្នំពេញគ្រោងកាប់ចេញនៅសប្តាហ៍ក្រោយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ាឬផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌ ដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ មានដើមឈើចំនួន៣ដើម អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង នៅព្រឹកនៅព្រឹកថ្ងៃ ០៨ មករានេះថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខមន្ទីរពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ មានដើមឈើ៣ដើម អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង និង ទ្រេត ចៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនិងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពី៣ដើមនេះ អង្គភាពរបស់លោកនឹងកាត់ក្រី(លះមែកចេញ)ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងថែមទៀត។
លោកសំ សាមុត បានឱ្យដឹងទៀតថា សម្រាប់ដើមឈើនៅរមណីយដ្ឋានវត្តភ្នំវិញ មានប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំ ពីអាជ្ញាធររាជធានីភ្នំពេញ។ គួររំលឹកថា រាជធានីភ្នំពេញ បានកសាងលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ (ពញាយ៉ាត) នៅពេលដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយទៀតនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គ បានគង់នៅ ទីនោះ បានតែមួយឆ្នាំគត់ ដោយសារតែមានទឹកជំនន់រាល់រដូវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយបានមកសាងសង់ រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ១៤៣៤ ដែលសព្វថ្ងៃជារាជធានីភ្នំពេញ នេះតែម្តង ៕







ប្រភព៖ ក្រសួងព័ត៌មាន