ទិញរថយន្តតម្លៃ៥ម៉ឺន បង់លុយបានតែ១ម៉ឺន នៅខ្វះ៤ម៉ឺនដុល្លារបង់រំលស់ តែពេលបានរថយន្តហើយដោះសារម្តងចេះ ម្តងចុះមិនព្រមសង ត្រូវម្ចាស់រថយន្តដាក់ពាក្យបណ្ដឹងតែម្តង
ខេត្តកណ្ដាល៖ ករណីរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ កើតហេតុថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ដោយជនរងគ្រោះមានចំនួន ០១នាក់មានឈ្មោះ សេង ចាន់រ៉ាវុត ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ ស្ថិតនៅទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងជនសង្ស័យមានចំនួន ០១នាក់មានឈ្មោះ ទេព ណាវុន ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ មុខរបរប្រធាបក្រុមហ៊ុន ទេព ណាវុន (លក់ស្ករស) ស្ថិតនៅទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល វត្ថុតាងដែលចាប់យក គ្មាន។

សភាពនៃរឿងហេតុបានឱ្យដឹងថា៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត បានយករថយន្តរបស់ខ្លួនម៉ាក MG RX8 ពណ៌ស ផលិតឆ្នាំ២០១៩ លេខតួ LSJW84W9XLGO015499 ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6948 យកមកលក់ឲ្យជនសង្ស័យឈ្មោះ ទេព ណាវុន ក្នុងតំលៃ ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារ) ប៉ុន្តែជនសង្ស័យឈ្មោះ ទេព ណាវុន បានប្រគល់ប្រាក់ មកឲ្យជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត បានចំនួន ១០០០០ ដុល្លារ (មួយម៉ឺនដុល្លារ) តែប៉ុណ្ណោះ ដោយសន្យាប្រគល់ប្រាក់គ្រប់ចំនួន ៤០០០០ ដុល្លារ (បួនម៉ឺនដុល្លារ) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
ដល់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃកំណត់ជនសង្ស័យឈ្មោះ ទេព ណាវុន ត្រូវប្រគល់ប្រាក់ឲ្យម្ចាស់រថយន្តគ្រប់ចំនួនខាងលើ ក្នុងពេលនោះជនសង្ស័យឈ្មោះ ទេព ណាវុន មិនមានប្រាក់សងឡើយ ហើយបានគេចវេស មិនព្រមចូលខ្លួនមកជួបដោះស្រាយជាមួយជនរងគ្រោះជាម្ចាស់រថយន្ត។ លុះដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ទេព ណាវុន បានចេញមូលប្បទានប័ត្រលេខ៣២៥៧៤ ដែលកំណត់សាច់ប្រាក់ចំនួន ៤០០០០ ដុល្លារ (បួនម៉ឺនដុល្លារ) នៅធានាគារវឌ្ឍនៈចំកាត់(ABA) ឲ្យទៅឈ្មោះ ហ៊ែល រ៉េត ជាមិត្តភ័ក្ររបស់ជនរងគ្រោះ ដើម្បីបើកប្រាក់ពីធានាគារ ឲ្យទៅជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត (ម្ចាស់រថយន្ត) ប៉ុន្តែមូលប្បទានប័ត្រ ដែលជនសង្ស័យឈ្មោះ ទេព ណាវុន ចេញឲ្យនោះគឺគ្មានសាច់ប្រាក់ (សែកស្អុយ) ចាប់ពីថ្ងៃនោះមកជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យជាច្រើនលើក ប៉ុន្តែមិនលើកទូរស័ព្ទ ព្រមទាំងគេចវេសរហូត។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះ សេង ចាន់រ៉ាវុត បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យឈ្មោះ ទេព ណាវុន អំពី រឿងហេតុខាងលើតែម្តង។ បន្ទាប់មកកម្លាំងជំនាញ បានការកោះហៅជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីឃាត់ខ្លួនសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ខ្លួនបានទិញរថយន្ត ម៉ាកMG RX8 ពណ៌សរ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ2BG-6948 ពីឈ្មោះ សេង ចានរ៉ាវុត ក្នុងតម្លៃ ៥ម៉ឺន ដុល្លារ ប៉ុន្តែខ្លួនបានឲ្យប្រាក់ទៅម្ចាស់រថយន្តបានចំនួន ១ម៉ឺនដុល្លារប៉ុណ្ណោះ នៅខ្វះចំនួន៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារអាមេរិក) ដោយសន្យាសងចំនួន ៤ម៉ឺនដុល្លារ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លុះដល់ថ្ងៃសន្យាសងប្រាក់ខ្លួនមិនមានប្រាក់សងតាមការកំណត់ឡើយ។
រហូតដល់ថ្ងៃទីពុំចាំ ខែតុលា ឆ្នាំ២០២០ ខ្លួនបានយករថយន្តម៉ាកMG RX8 ទៅបញ្ជាំគេមិនស្គាល់ឈ្មោះ នៅហាងការហ្វេមួយកន្លែងមិនចាំផ្លាកយីហោ(ក្រុងភ្នំពេញ) ក្នុងតម្លៃ ២ម៉ឺនដុល្លាអាមេរិក។ បន្ទាប់មកនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានសុំឲ្យឈ្មោះ ហ៊ែល រ៉េត ភេទប្រុស ទៅជួយនិយាយជាមួយម្ចាស់រថយន្តឈ្មោះ សេង ចាន់រ៉ាវុត ហើយក៏បានចេញមូលប្បទានបត្រ័ ០១សន្លឹក ចំនួន ៤០០០០ដុល្លារ ឲ្យទៅឈ្មោះ ហ៊ែល រ៉េត (ទុកបើកសងថ្លៃទិញរថយន្ត) រួចហើយនិយាយពឹងពាក់ឈ្មោះ ហ៊ែល រ៉េត ឲ្យជួយនិយាយជាមួយម្ចាស់រថយន្ត ដើម្បីឲ្យម្ចាស់រថយន្តមានទំនុកចិត្ត។ ក្រោយពីទទួលបានមូលប្បទានបត្រ័ហើយ ឈ្មោះ ហ៊ែល រ៉េត បានយកមូលប្បទានបត្រ័(សែក)នោះទៅដកប្រាក់ពីធានាគារ (ABA) ទើបដឹងថាសែកដែលខ្លួនទទួលបានពីឈ្មោះ ទេព ណាវុន គឺជាមូលប្បទានបត្រ័គ្មានប្រាក់ (សែកស្អុយ)។ ចំពោះករណីខាងលើនេះកម្លាំងជំនាញបានសហការណ៏ជាមួយកម្លាំងប៉ុស្តិ៍ចុះកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ – Police Inspectorate Of Ponhea Lueu District