បុរសម្នាក់បើកម៉ូតូធំស៊េរីទំនើបយ៉ាងលឿនទៅបុកផ្ទប់ពីក្រោយរថយន្តដឹកខ្សាច់របួសធ្ងន់ ត្រូវពលរដ្ឋចិត្តល្អជួយដឹកច្រលំទៅគ្លីនិកសម្ភពតែពេទ្យមិនហ៊ានទទួល ក៏បានអ្នកសារព័ត៌មានជួយហៅឡានពេទ្យមកដឹកទៅសង្គ្រោះវិញ
រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូធំ YAMAHA-R6 មួយគ្រឿង ក្នុងល្បឿនលឿន អកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីក្រោយរថយន្តបែនដឹកខ្សាច់ធុនធំពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់នឹងរថយន្ត ដួលអូសជាច្រើនម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ជួយដឹកតាមម៉ូតូបញ្ជូនទៅពេទ្យ តែពេទ្យសម្ភពមិនទទួលក៏ត្រូវបានក្រុមអ្នកសារព័ត៌មានជួយហៅរថយន្តគិលានសង្គ្រោះមួយគ្រឿងមកដឹកបញ្ជូនទៅសង្គ្រោះវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនកាលពីវេលាម៉ោង១១៖៤៥នាទីយប់ ជិតពាក់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតសំណង់មិនរៀបរយ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូធំមួយគ្រឿងម៉ាក YAMAHA R6 ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ 1BU-5670 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែអកហ្សឺចាប់ប្រាំងមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយ រថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង (មិនចាំម៉ាក និងមិនចាំស្លាកលេខ) ដែលកំពុងបើកបរក្នុងល្បឿនយឺតល្មម ទិសដៅស្របគ្នា បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ហូរឈាមជោគខ្លួន ភ្លាមៗនោះរថយន្តមិនបានឈប់ទេ បានបន្ថែមល្បឿន បន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា ចំណែកឯជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដែលឃើញហេតុការណ៍ដែលទើបចេញពីផឹក ស្រវឹងស្រឿងៗផងនោះ មានបំណងល្អចង់ជួយក៏បានលើកជនរងគ្រោះដាក់លើម៉ូតូ និងមានប្រជាពលរដ្ឋម្នាក់ទៀតជាអ្នកទប់ពីក្រោយ រួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែដោយសារតែអ្នកដែលឌុបទៅនោះ ស្រវឹងស្រឿងៗផង បែរជាដឹកទៅ គ្លីនិកឯកជន សម្ភពក្បាលថ្នល់ទៅវិញ តែពេលទៅដល់សន្តិសុខប្រាប់ថា មិនទទួលសង្គ្រោះជនរងគ្រោះទេ ព្រោះជាពេទ្យសម្ភពប៉ុណ្ណោះ តែសំណាងល្អ មានបងប្អូនក្រុមអ្នកសារព័ត៌មាន ហៅរថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់មន្ទីរសម្រាប់ព្យាបាលពន្លឺ មកដឹកយកជនរងគ្រោះទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យវិញ ដោយជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងន់ផង និងមិនទាន់ដឹងខ្លួននៅឡើយ ហើយនៅជាប់ខ្លួនជនរងគ្រោះ ឃើញមានពាក់ខ្សែក និងទូរស័ព្ទដៃម៉ាក Oppo ចំនួន ១គ្រឿង ដែលក្រុមអ្នកសារព័ត៌មានយើងបានប្រគល់ឲ្យពេទ្យទុកបណ្ដោះអាសន្ន ដើម្បីងាយស្រួលទាក់ទងជាមួយសាច់ញាតិជនរងគ្រោះផងដែរ។ បច្ចុប្បន្នក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរករថយន្តមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕






ដោយ៖ បងម៉េង ខ្មែរណូត