បើករថយន្តព្រូស ពន្លះទ្រូងផ្លូវរលំមួយផ្ទាំង ហៅរថយន្តមកសណ្ដោងចេញបានបន្តិចត្រូវសមត្ថកិច្ចឃាត់បានដដែល
រាជធានីភ្នំពេញ ៖ រថយន្ត TOYOYA PRIUS មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន និងស្ថានភាពផ្លូវរាងកោងទៀត បានអកហ្សឺចាប់ហ្វ្រាំងមិនទាន់ គេចរ៉ឺម៉កដឹកបន្លែមួយគ្រឿង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កបានបាក់កាឡេកង់មុខខាងឆ្វេងបើកទៅមុខលែងរួច តែអ្នកបើកបរហៅរថយន្តមកសណ្ដោងចេញពីកន្លែងកើតហេតុ តែត្រូវគេឃើញទាន់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់រថយន្តតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦:២០នាទីព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចស្តុបទំនប់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ ជួន ស៊ីណាត ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកោះប្រាក់ ឃុំកំពង់ធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាម្ចាស់រថយន្តបង្កម៉ាកតូយូតាព្រូស (TOYOYA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-9346 ។
អ្នកដំណើរឃើញហេតុការណ៍បានប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស (TOYOYA PRIUS) ខាងលើ បើកបរដោយបុរសម្នាក់ បានបោះពួយក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីស្ពានស្ទឹងមានជ័យ ឆ្ពោះទៅច្រមុះក្បាលថ្នល់ ខណៈមកដល់ចំណុចស្តុបទំនប់ទឹក(ចំណុចកើតហេតុខាងលើ) ស្រាប់តែអបានអកហ្សឺចាប់ហ្វ្រាំងមិនទាន់ គេចរ៉ឺម៉កដឹកបន្លែមួយគ្រឿងទៀត ក៏ជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ចំណែករថយន្តខូចខាតយ៉ាងដំណំបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។
ប្រភពដដែលបន្តថា ភ្លាមៗនោះគេឃើញអ្នកបើកបរបានទាក់ទងហៅរថយន្តដឹកប្រេងមួយគ្រឿង ចំណុះ4000L ពាក់ស្លាកលេខភ្នំពេញ 2AB-7266 មកកន្លែងកើតហេតុ ប្រញាប់ប្រញាល់សណ្ដោងរថយន្តបង្ក ចេញពីកន្លែងកើតហេតុ បានប្រហែល១៥០ម៉ែត្រ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ ចុះមកឃាត់រថយន្តតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពន់ទី១ បានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្ត ឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត