លួចធ្លាប់ដៃញឹកពេក ត្រូវម្ចាស់ចំការសហការគ្នាលបឃ្លាំមើល ស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពយ៉ាងសកម្មលួចដំណាំ ក៏បានហៅគ្នីគ្នាចាប់បានជនសង្ស័យ២នាក់បានសម្រេច
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មហាគ្រួសារតាខ្មៅ បានឲ្យដឹងថា៖ បងប្អូនអ្នកកោះធំសូមគោរពអរគុណលោកអធិការស្រុកកោះធំ និងបងៗកម្លាំងប៉ុស្តិ៍ទាំងអស់ដែលលោកប្រតិកម្មរហ័ស និងឃាត់ខ្លួនជនសង្ស័យកន្លងមក ដើម្បីសុវត្ថិភាព សុខមាលភាពល្អជូនបងប្អូនយើង រឿងពេលកើតហេតុនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៣០នាទី ត្រង់ចំណុចកេីតហេតុ នៅក្នុងចំការស្វាយ និងចំការចេករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកលោក ឃុព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

ដោយជនរងគ្រោះ ០២នាក់៖ទី១.ឈ្មោះ ស៉ឹង ហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ និងទី២.ឈ្មោះ ឈុំ សារុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃនៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ។
ចំណែកជនសង្ស័យមានគ្នា ០២នាក់(ឃាត់ខ្លួន)៖
១-ឈ្មោះ ស្រ៊ីន រ៉េម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានសារធាតុញៀន ក្នុងទឹកនោម មុខរបរកសិករ។
២-ឈ្មោះ ស្រ៊ា ដែន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម មុខរបរកសិករ។ វត្ថុតាងចាប់យករួមមាន៖ ផ្លែស្វាយទម្ងន់ប្រមាណ ០៧kg ផ្លែចេក២ស្ទោង និងម៉ូតូម៉ាកYAMAHA អិចសង់ទ័រ ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង។
សភាពនៃរឿងហេតុបានឲ្យដឹងថា៖ រយៈកាលកន្លងមកជនងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិព្រែកលោកស្ទើរតែគ្រប់ចំការស្វាយ និងចេក ឱ្យតែដល់រដូវដំណាំបានផលផ្លែផ្កា គឺតែងតែបាត់ផលដំណាំស្វាយ និងចេក ជាញឹកញាប់ ប៉ុន្តែពុំដែលតាមទាន់ចោរដែលចូលលួចទេ។ ក្រោយៗមកម្ចាស់ចំការទាំងអស់បានសហការគ្នាចាំលបឃ្លាំមើលស្ទេីរាល់ថ្ងៃ។ លុះនៅថ្ងៃទី០៨.០១.២០២១ វេលាម៉ោង១៧៖៣០នាទី ជនសង្ស័យទាំង០២នាក់ខាងលើនេះបានធ្វើសកម្មភាព ជិះម៉ូតូឌុបគ្នា ចូលទៅលួចបេះផ្លែស្វាយនៅក្នុងចម្ការ របស់ឈ្មោះស៊ឹង ហាក់ ខណៈនោះជនរងគ្រោះដែលកំពុងតែឃ្លាំមេីលក្នុងចម្ការក៏បានឃេីញហេីយទូរស័ព្ទទៅកាន់ប្រជាពលរដ្ឋដែលមានចម្ការក្បែរៗនោះឱ្យមកជួយចាប់ ពេលនោះស្រាប់តែជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូចេញទៅដល់ចម្ការចេករបស់ឈ្មោះ ឈុំ សារុន ជនសង្ស័យ ស្រ៊ីន រ៉េម ក៏បានចូលទៅលួចបានចេកចំនួន០២ស្ទោងទៀត ដោយឈ្មោះ ស្រ៊ា ដែន ជាអ្នកនៅចាំម៉ូតូ ពេលនោះដែរក៏ត្រូវជនងគ្រោះទាំង០២នាក់ រួមនិងប្រជាពលរដ្ឋជាច្រេីននាក់នាំគ្នាព័ទ្ធចាប់បានជនសង្ស័យទាំង ០២នាក់ខាងលេី រួមជាមួយវត្ថុតាងផ្លែចេក និងស្វាយ ហេីយក៏រាយកាណ៍មកនគរបាលប៉ុស្ដិ៍ព្រែកស្ដីតែម្ដង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកស្ដី បានចុះដល់កន្លែងកេីតហេតុ រួចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាលេីនេះ រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ។ បច្ចុប្បន្នជនសង្ស័យ ស្រ៊ីន រ៉េម និងស្រ៊ា ដែន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីសួរចម្លេីយ ក៏សាងសុំណុំរឿងចាត់ការតាមច្បាប់ ៕





ប្រភព៖ មហាគ្រួសារតាខ្មៅ