ឡើងកាត់ស្លាកប៉ាណូ ប៉ះខ្សែភ្លើងឆក់បាត់បង់ជីវិតលើដំបូល ម្ចាស់ឃ្លាំងតឿនឲ្យដឹកសពយកទៅសង្គ្រោះ ព្រោះខ្លាចពាក់ព័ន្ធ ផ្អើលសង្កាត់ចោមចៅទី១
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាជាងដែក ខណៈរួមជាមួយជាងផ្សេងទៀតសរុប៦នាក់ នាំគ្នាឡើងកាត់ស្លាកប៉ាណូលើដំបូលឃ្លាំង ដោយធ្វេសប្រហែស ធ្វើឲ្យកម្មករម្នាក់ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗនៅលើដំបូល តែដោយសារម្ចាស់ទីតាំងភ័យខ្លាច ពាក់ព័ន្ធក៏បានបង្ខំឲ្យក្រុមជាង ហៅរថយន្តដឹកសពយកទៅសង្គ្រោះទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចឃ្លាំងចាស់មួយកន្លែង ស្ថិតតាមផ្លូវចោមចៅ(ផ្លូវវេងស្រេង) មុខច្រកចូលផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះដឹករត់យកទៅតំកល់ទុកនៅវត្តទឹកថ្លា រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចជាក្រោយ ។ សពជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ ម៉ាក់ មានអាយុជាង២០ឆ្នាំ មុខរបរ កម្មករជាងដែក ស្នាក់នៅផ្ទះមេជាង រួមជាមួយកម្មករផ្សេងទៀត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះ មានស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាម ។
វត្តមានក្រុមជាងរួមការងារជាមួយជនរងគ្រោះមួយក្រុមក្នុងនោះមានមេកម្មករជាស្ត្រីម្នាក់ នៅវត្តទឹកថ្លា ដាក់បម្រាម មិនឲ្យកម្មកររបស់ខ្លួន បំភ្លឺជាមួយអ្នកសារព័ត៌មាន ឬអាជ្ញាធរឡើយ ។
តែបើតាមពលរដ្ឋឃើញហេតុការណ៍ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ទីតាំងឃ្លាំងខាងលើ ជួលឲ្យក្រុមហ៊ុនឯកជនមួយ លុះដល់ចប់កងត្រាម្ចាស់ឃ្លាំងបានជួលកម្មករមួយក្រុមឲ្យធ្វើការរុះរើ ស្លាកប៉ាណូចេញ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកាត់ស្លាកទម្លាក់ចុះហើយ នៅសល់តែបង្គោលមួយដើមកាត់ហើយបម្រុងដាក់ចុះ បែរជាទៅប៉ះនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ ទើបធ្វើឲ្យឆ្លងឆក់កម្មករម្នាក់ បណ្តាលនៅដល់ដំបូលស័ង្កសី ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទីតាំងបង្ខំឲ្យក្រុមកម្មករដាក់ជនរងគ្រោះចុះ ប្រើល្បិចសែងយកទៅពេទ្យឯករាជ្យនៅទល់មុខគ្រាន់តែពិនិត្យដឹងថា ស្លាប់ហើយ ម្ចាស់ឃ្លាំងបង្ខំឲ្យក្រុមកម្មករទំនាក់ទំនង ហៅរថយន្តគ្លីនិកឯកជន រស្មី ដឹកសពចេញពីពេទ្យឯករាជ្យ ដើម្បីយកសពទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ តែដោយសារជនរងគ្រោះ ក្លាយជាសពបាត់ទៅហើយ រថយន្តបានដឹកសពយកទៅតំកល់ទុកនៅវត្តទឹកថ្លា ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចជាក្រោយ ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់ផងដែរ ដល់ម្ចាស់ទីតាំងឃ្លាំង ខ្លាចពាក់ព័ន្ធ សមត្ថកិច្ចស៊ើបអង្កេត វែងឆ្ងាយ ទើបបង្ខំឲ្យក្រុមជាងដែក ឡានពេទ្យធ្វើយ៉ាងណា ចាត់ចែងឲ្យបានលឿន ដឹកសពចេញឲ្យរហ័ស ផុយតែពីផ្ទះរបស់ខ្លួន ។
តែកម្មករម្នាក់ គ្រាន់តែបង្ហើបឲ្យដឹងថា មុនកើតហេតុ ម្ចាស់ឃ្លាំងជួលក្រុមជាងរបស់ខ្លួនតម្លៃ៥០ដុល្លា ឡើងដោះស្លាកប៉ាណូចាស់ចេញ ខណៈដែលជិតរួចហើយ សល់បង្គោលដែកមួយដើម ជនរងគ្រោះលើកប៉ះខ្សែកាបភ្លើងបណ្តាលឲ្យឆ្លងឆក់តែម្តង ។
សពជនរងគ្រោះក្រោយពីនាំគ្នាដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ហើយត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ១ ចុះទៅសាកសួរដល់ក្រុមជាងកម្មករ និងសាកសួរស្រាវជ្រាវ ស្វែងរកសាច់ញាតិ ៕

ដោយ៖ បងម៉េង ខ្មែរណូត