ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលបែងចែកក្រុមការងារចំនួន៤ក្រុម ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩

    BY Khmernote Media January 12, 2021
    ក្រសួងសុខាភិបាលបែងចែកក្រុមការងារចំនួន៤ក្រុម ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលបែងចែកក្រុមការងារចំនួន៤ក្រុមទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ ពិសេសនៅពេលមានករណីចាំបាច់ ដែលត្រូវជួយសង្គ្រោះបន្ទាន់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្រុមការងារ ទំាង៤ក្រុមរបស់ក្រសួងសុខាភិបាលនេះ បានចូលធ្វើការងារនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីដែលជាមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្តនិងគាំទ្រផ្នែកបច្ចេកទេស ក៏ដូចជាបំពាក់បំប៉នសមត្ថភាពបន្ថែមទៀត ជូនដល់ ក្រុមគ្រូពេទ្យបង្អែកនៃខេត្តនេះ។

    លោកជំទាវបញ្ជាក់ថាក្រុមការងារក្រសួងសុខាភិបាល បានពិភាក្សាជាមួយលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ហើយបានបែងចែងក្រុមការងារឱ្យធ្វើការងារជាក្រុមតូចៗតាមជំនាញ ៖
    -ក្នុងនោះក្រុមទី១ គឺសម្រាប់បំពេញការងារពិនិត្យកិច្ចការនៃការគ្រប់គ្រងអ្នកជំងឺទូទៅនៅក្នុងមន្ទីរពេទ្យ
    -ក្រុមទី២ គឺជាក្រុមគ្រូពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអនុវត្តតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននាំយកមកជាមួយនូវ ម៉ាស៊ីនវាស់ចង្វាក់បេះដូង ដើម្បីដាក់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងផ្ដល់ការបង្ហាត់បង្ហាញអំពីការប្រើប្រាស់ ក៏ដូចជាបំពាក់បំប៉ននូវសមត្ថភាពបន្ថែមទៀតអំពីនីតិវិធី និងរបៀបរបបនៃការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងគោលបំណង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការផ្ដល់សេវាពិនិត្យព្យាបាល ថែទាំដល់អ្នកជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

    -ក្រុមទី៣ គឺជាក្រុមនៃនាយកដ្ឋានមន្ទីរពេទ្យរបស់ក្រសួងសុខាភិបាល ដែលកំពុងជួយដល់មន្ទីរពេទ្យនេះ ក្នុងការអនុវត្ត ក៏ដូចជាពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការចាត់ចែងធ្វើយ៉ាងណាឱ្យការការពារ នូវការចម្លងរោគនៅក្នុងមន្ទីរពេទ្យនេះ ឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ
    -ក្រុមទី៤ ក៏ជាក្រុមរបស់ក្រសួងសុខាភិបាលដែលមាន វេជ្ជបណ្ឌិត ជំនាញផ្នែកសង្គ្រោះបន្ទាន់ បាននិងកំពុងផ្ដល់ការគាំទ្រ និងជួយបង្ហាត់បង្ហាញបន្ថែមទៀត ទៅដល់ក្រុមគ្រូពេទ្យ សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងនូវសមត្ថភាពរបស់ពួកគាត់ នៅក្នុងការជួយដល់អ្នកជំងឺ នៅពេលដែលមានករណីចាំបាច់ ត្រូវជួយសង្គ្រោះបន្ទាន់ ទៅដល់អ្នកជំងឺកូវីដ-១៩ ប្រសិនបើមានករណីធ្ងន់ធ្ងរ ហើយមិនត្រឹម តែអ្នកជំងឺកូវីដ-១៩ទេ គឺជួយដល់អ្នកជំងឺដទៃទៀតផងដែរ។

    លោកជំទាវបញ្ជាក់ថា ការពង្រឹងសមត្ថភាពបន្ថែមដល់មន្ទីរពេទ្យនៅខេត្តបន្ទាយមានជ័យនេះ ស្របពេលដែលពលករខ្មែរ កាន់តែច្រើនបានចាកចេញពីប្រទេសថៃត្រឡប់មកកម្ពុជាវិញ ក្នុងគ្រាដែលប្រទេសថៃកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងនោះនៅតាមច្រកព្រំដែននានារវាងកម្ពុជា និងថៃ មន្រ្តីសុខាភិបាលបានពង្រឹងការធ្វើចត្តាឡីស័ក និងបានរកឃើញ ពលករមួយចំនួនមានផ្ទុកជំងឺកូវីដ-១៩ ដោយក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ក្នុងការថែទំា ព្យាបាលយ៉ាងត្រឹមត្រូវ ពីក្រុមគ្រូពេទ្យជំនាញ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: