ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាស់ៗងើបហាត់ប្រាណពីព្រលឹម និងពិសារកាហ្វេជុំគ្នា ស្រាប់តែធុំក្លិនឈ្ងៀមដូចឆេះអ្វីម៉្យាង ក៏ងាកមើលឃើញអណ្ដាតភ្លើងកំពុងឆាបឆេះនៅក្នុងផ្ទះលក់គ្រឿងអេឡិចត្រូនិក ធ្វើឲ្យផ្អើលទាំងព្រលឹម

    BY Khmernote Media January 13, 2021
    ចាស់ៗងើបហាត់ប្រាណពីព្រលឹម និងពិសារកាហ្វេជុំគ្នា ស្រាប់តែធុំក្លិនឈ្ងៀមដូចឆេះអ្វីម៉្យាង ក៏ងាកមើលឃើញអណ្ដាតភ្លើងកំពុងឆាបឆេះនៅក្នុងផ្ទះលក់គ្រឿងអេឡិចត្រូនិក ធ្វើឲ្យផ្អើលទាំងព្រលឹម

    រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិកមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង០៤:៤០នាទីទៀបភ្លឺ ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ83DEo លក់គ្រឿងអេឡិចត្រូនិកយីហោ TS ស្ថិតនៅលើផ្លូវសុកហុក(ផ្លូវ១០៧) សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលអង្គុយពិសារកាហ្វេក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់តែភ្ញាក់ពីដំណេកម៉ោង៤ទាបភ្លឺ បន្ទាប់ពីដើរហាត់ប្រាណមួយសន្ទុះធំរួចមក គាត់តែងមកអង្គុយពិសារកាហ្វេជជែកគ្នាជាមួយចាស់ៗដទៃទៀតដែលមកពិសារកាហ្វេនៅតូបកាហ្វេមួយមិនឆ្ងាយពីផ្ទះកើតហេតុបប៉ុន្មានឡើយ ស្រាប់តែមកដល់ម៉ោងកើតហេតុ ខណៈគាត់ពេលកំពុងតែហូបឆាខ្វៃបណ្ដើរជជែកគ្នាបណ្ដើរ ក៏ធុំក្លិនឈ្ងៀមដូចឆេះអ្វីម៉្យាង ក៏ងាកមើលទៅឃើញអណ្ដាតភ្លើងកំពុងឆាបឆេះនៅក្នុងផ្ទះលក់គ្រឿងអេឡិចត្រូនិកកើតហេតុ ទើបនាំគ្នាស្រែកហៅអ្នកជិតខាងនាំគ្នា ទៅជួយពន្លត់ និងអ្នកខ្លះទៀតរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ផង ។

    បន្តិចក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានចុះមកដល់កន្លែងកើតហេតុ ជួយសម្រួលដល់ប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ ទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួល ចូលទៅបាញ់អន្លត់ផងដែរ មិនបានប៉ុន្មានផងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានមកដល់ ហើយកម្លាំងសមត្ថកិច្ចបានវាយបំបែកសោរទ្វារ រួចបាញ់ទឹកពន្លត់រហូតអន់ថយទៅវិញ និងគ្រប់គ្រងបានទាំងស្រុងតែម្ដង ។

    ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ហើយចំពោះមូលហេតុតាមការសន្និដ្ឋានជំហានដំបូង ករណីនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី អគ្គិភ័យមិនបណ្តាលឆាបឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ គឺខូចខាតម៉ូតូចំនួន២គ្រឿង និងសម្ភារៈអេឡិចត្រូនិក ទូទឹកកក ម៉ាស៊ីនអេឡិចត្រូនិក អស់មួយចំនួនធំ ។

    លោកនាយរងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវតាមរយៈបណ្ដាញផ្សព្វផ្សាយយើង ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ខណៈរដូវនេះគឺធ្លាក់ខ្យល់ខ្លាំងផង សូមប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី ធុងហ្គាស ឬភ្លើងចង្ក្រាន្ត ដែលអាចបង្កគ្រោះអគ្គិភ័យ ត្រូវតែឧស្សាហ៍ត្រួតពិនិត្យភ្លើងចង្រ្កាន ភ្លើងទាន ភ្លើងធូប អោយបានត្រឹមត្រូវ ហើយនៅពេលចាកចេញពីផ្ទះ បើអាចបិទបារ៉ែតភ្លើងតែម្ដង ចៀសវាងអគ្គីភ័យអាចបង្កឱ្យកើតឡើង ផ្តើមចេញពីការធ្វេសប្រហែសរបស់ខ្លួនយើងដែលជាម្ចាស់ ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់ ដើម្បីកុំអោយមានគ្រោះអគ្គីភ័យកើតឡើងចំពោះបងប្អូន ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: