អភិបាលខណ្ឌសែនសុខ ប្តឹងនគរបាលអោយចាប់ខ្លួនបុរសម្នាក់ដែលដើរប្រឌិតព័ត៌មានថាម្តាយលោកទទួលមរណភាព ហើយប្រមូលថវិកាតាមទីតាំងអាជីវកម្មនានា
កាលពីពេលថ្មីៗនេះមានករណីជនឆបោកម្នាក់បានដើររៃអង្គាសថវិកាតាមស្ថាប័ននានានៅក្នុងខណ្ឌសែនសុខ ដោយប្រឌិតព័ត៌មានម្តាយរបស់លោកអភិបាលខណ្ឌសែនសុខ ទទួលមរណភាព ហើយធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ។ ជុំវិញករណីនេះដែរ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់នៅលើគណនី Facebook របស់លោកថា៖

“ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វេីការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ។ ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំចាញ់បោកបុគ្គលខាងលេីនេះ។”
