បង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកអ៊ិនធើណេត២៤ម៉ោង ឃាត់ខ្លួនមនុស្សចំនួន២០នាក់
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអ៊ិនធើណេត២៤ម៉ោង យីហោ Net7777 ឃាត់ខ្លួនមនុស្សចំនួន២០នាក់ និងចាប់យកវត្ថុតាងមួយចំនួន។

ដោយទទួលបានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិស្តីទី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានដឹកនាំកម្លាំងក្រុមប្រតិបត្តិការ ដោយមានចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឆែកឆេរ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាក អ៊ិនធើណេត២៤ម៉ោង ៣ទីតាំង ។
មានទីតាំងដូចខាងក្រោម៖ ១.យីហោ Net7777 ស្ថិតនៅផ្ទះលេខ៨៦បេ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ២.ស្ថិតនៅផ្ទះលេខ៤៥D ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, ៣.ស្ថិតនៅផ្ទះលេខ៨៣BEo ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជាលទ្ធផល នៃប្រតិបត្តិការខាងលើ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានធ្វើការឃាត់ខ្លួនមនុស្សចំនួន២០នាក់ ស្រី០៤នាក់ និងចាប់យកវត្ថុតាងមួយចំនួន ហើយបាននាំមកកាន់នាយកដ្ឋាន ដើម្បីបន្តនីតិវិធី ៕

ដោយ៖ បងម៉េង ខ្មែរណូត