ព័ត៌មានជាតិ

ថ្ងៃនេះខួបមួយឆ្នាំគត់ ដែលនិស្សិតពេទ្យជុន ឌីណា ត្រូវគូដណ្តឹងជាមន្ត្រីយោធាបាញ់សម្លាប់ ហើយជនដៃដល់នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ

BY
Khmernote Media
January 16, 2021

ប្រិយមិត្តប្រាកដជាបានដឹងករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ​កើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ជនសង្ស័យជាឃាតក មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។

ចំណែកជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរនិស្សិតពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ (ម៉ាកឡុក ) ចំកញ្ចឹង.ក ។ អ្នកទាំងពីរជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ ហើយគ្រោងចូលការ នាខែមីនា ឆ្នាំ២០២០។ រហូតមកទល់ពេលនេះគឺមួយឆ្នាំគត់ សមត្ថកិច្ចនៅតែមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ។ យ៉ាងណាមិញគ្រួសារជនរងគ្រោះ ជុន ឌីណា បានសុំឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕

 

Share This Post: