ព័ត៌មានជាតិ

នារីម្នាក់បើករថយន្ត PRIUS លឿនរេចង្កូតបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បាក់កាឡេកង់មុខបើកលែងទៅមុខ ហើយមានម៉ូតូ២គ្រឿងរអិលទឹកក្បែរនោះដួលថែមទៀត

BY
Khmernote Media
January 16, 2021

រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្ត PRIUS ក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបាក់កាឡេកង់មុខខ្ទាតទទឹងស្ពាន បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់រថយន្តមិនមានរបួសនោះទេ តែបែរជាមានម៉ូតូពីរគ្រឿងទៀតរអិលទឹកដែលអ្នកលក់បាយឆាមីឆា ដែលលាងសម្ភារៈលក់ និងមានខ្លាញ់រួចជះមកលើផ្លូវនោះ បណ្ដាលឲ្យដួលកៀបជើងជាប់និងបំពង់ស៊ីមាំង ស្រែកផងយំផងហៅគេអោយជួយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៣:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១៦ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ(ផ្នែកខាងលិច) លើផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាកតូយូតាព្រូស (TOYOYA PRIUS) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BG-4669 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន និងបួងចង្កូតផ្លូវកោង មកដល់ចំណុចកើតហេតុឡើងស្ពាន ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែឃើញរថយន្តរេចង្កូតទៅបុកខឿនបង្កាន់ដៃគល់ស្ពានពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តបាក់កាឡេកង់មុខខាងស្ដាំអូសនឹងថ្នល់ ខ្ទាតទៅបញ្ឈិតទទឹងលើស្ពាន បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំ និងផ្ទុះពោងការពារសុវត្ថិភាពចេញពីដៃចង្កូត បណ្ដាលឲ្យនារីរូបស្រស់ដែលជាអ្នកបើកបរសន្លប់មួយភាំង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ចំណុចកើតហេតុនោះ ជួយដាស់អោយដឹងខ្លួនវិញ និងទំនាក់ទំនងឪពុកម្ដាយជិះម៉ូតូមួយគ្រឿងឌុបគ្នាមកដល់កន្លែងកើតហេតុ រួចអោយនាងជិះទៅផ្ទះបាត់ទៅ ដោយមានបុរសជាឪពុកស្ត្រីរងគ្រោះនៅចាំមើលរថយន្តនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលផងដែរ។

ក្រោយមកក៏មានម៉ូតូពីរគ្រឿងរអិលដួលរងរបួសធ្ងន់ស្រាល៣នាក់ ដោយក្នុងនោះមានក្មេងស្រីៗ២នាក់ ជិះម៉ូតូ ICON ឌុបគ្នាដើរលក់ម្ជូរ លក់ជិតអស់ហើយក៏ត្រលប់ទៅផ្ទះវិញ មកដល់ផ្លូវកោងគល់ស្ពានអាកាសស្ទឹងមានជ័យ(ត្រើយខាងលិច) ដែលមានកន្លែងលក់បាយឆាមីឆា និងអាហារមួយកន្លែង ឧស្សាហ៍ជះទឹកលាងសម្ភារៈលក់ និងមានខ្លាញ់មកលើផ្លូវ ដែលទឹកទាំងនោះបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកដំណើរ រអិលដួលជារើយៗ ហើយនាងក៏រអិលដួលម៉ូតូ បណ្ដាលឲ្យកៀបជាប់ជើងទាំងពីរនាក់ ដោយម្នាក់ដកចេញមកបាន តែម្នាក់ទៀតត្រូវជាប់ជើងចូលប្រលោះបំពង់ស៊ីម៉ាំង និងកៀបចូលប្រលោះកាំកង់ម៉ូតូ បណ្ដាលឲ្យក្ដៅរលាករលាត់ស្បែក ស្រែកហៅគេឲ្យជួយ ភ្លាមនោះក្រុមអ្នកសារព័ត៌មាន រួមទាំងកម្លាំងសមត្ថកិច្ច បានរត់ចូលទៅជួយលើក និងទាញកង់បង្វិលឲ្យនាងដកជើង ខណៈនាងស្រែកបណ្ដើរយំបណ្ដើរ បងអើយជួយខ្ញុំផងៗ! ទំរាំតែបង្វិលយកចេញមកក្រៅបាន អាណិតណាស់! ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់ ចំណែកឯម៉ូតូរបស់នារីរងគ្រោះអ្នកលក់ម្ជូរត្រូវបានរក្សាទុកនៅខណ្ឌមានជ័យ ដើម្បីរងចាំប្រគល់ជូនសាច់ញាតិជនរងគ្រោះវិញ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: