ព័ត៌មានជាតិ

ស្នងការខេត្តកណ្ដាល បំភ្លឺករណីល្បួងចាប់ក្មេងសិស្សសាលាអាយុ៧ឆ្នាំ យកខ្សែក និងខ្សែដៃប្លាទីន ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីផ្ដន្ទាទោសតាមច្បាប់

BY
srey nuch
January 16, 2021

ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនសាធារណជន ចំពោះការផ្សាយរបស់ facebook page ឈ្មោះ Kamsan Chet ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដកស្រង់ចេញពីគណនីហ្វេសបុកឈ្មោះ Ven Phannith មានខ្លឹមសារថា៖

«នេះវីដេអូ​ចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ​ មុនដំបូងវានាំកូនខ្ញុំថាទៅទិញ​អីវ៉ាន់ បន្ទាប់មកវាក៍យកម៉ូតូមកឌុបកូនខ្ញុំទៅ វាយកកូនខ្ញុំទៅទុកចាលនៅតាខ្មៅ​ វាជិះម៉ូតូកូនទា ពណ៌ក្រហម​ មេីលផ្លាកលេខមិនច្បាស់ ហេីយសំណាងបានបងស្រីម្នាក់ឃេីញហេីយជូនមកដាក់នៅសាលាបឋមតាខ្មៅ​ ហេីយក៌បាននាយកសាលាបឋមតាខ្មៅ សួរនាំ​ ហេីយក៍ជូនមកដល់សាលាស្វាយរលំវិញ​ វាចាប់កូនខ្ញុំនៅម៉ោង​ 9:41am 13.01.2021 ជួយស៊ែរកមុខវាផង»។

ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។ ដោយជាលទ្ធផល៖ អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឱ្យដឹងថា៖
-ជាអំពើលួច កើតហេតុនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤១នាទី នៅចំណុចសាលាបឋមសិក្សាតាម៉ាកុរស្មីសាមគ្គី ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ជនសង្ស័យ ១នាក់ ភេទស្រី មិនស្គាល់អត្តសញ្ញាណ ពាក់អាវពណ៌ក្រហម ជិះម៉ូតូកូនទា។
-ជនរងគ្រោះឈ្មោះ វិរៈ សុផាយុ ភេទប្រុស អាយុ ៧ឆ្នាំ សិស្សថ្នាក់ទី១ នៃសាលាបឋមសិក្សាតាម៉ាកុរស្មី មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ទ្រព្យសម្បត្តិបាត់បង់ មានខ្សែក និងខ្សែដៃប្លាទីនទំងន់ ៣ជី។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះកំពុងចេញលេងនៅក្នុងបរិវេណសាលា ស្រាប់តែមានជនសង្ស័យបានជិះម៉ូតូកូនទាចូលមកចុះដើរចូលទៅជិតជនរងគ្រោះហើយនិយាយថា “ម៉ាក់ឱ្យមកយក” ជនរងគ្រោះមិនចង់ទៅទេ តែជនសង្ស័យបាននិយាយថា “ទៅជាមួយមីងទិញអីវ៉ាន់ឱ្យអូនលេង” ជនរងគ្រោះក៏ទៅជាមួយហើយក៏ដឹកដៃលើកដាក់ម៉ូតូពីខាងមុខហើយជិះចេញមកទិសខាងជើង ។ ពេលមកដល់ការដ្ឋានខ្សាច់ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ជនសង្ស័យបាននិយាយថា “ឈប់ដោះខ្សែក និងខ្សែដៃសិន ខ្លាចចោរលួច” ក្រោយពីដោះរួចក៏បន្តដំណើរមកទៀត ។ ពេលជិះបណ្តើរជនសង្ស័យបាននិយាយប្រាប់មកជនរងគ្រោះថាទៅផ្សារតាខ្មៅទៅទិញអីវ៉ាន់លេងរួចចាំទៅផ្ទះ។

លុះជិះមកដល់ផ្សារកាច់ជ្រុង សង្កាត់តាខ្មៅ ជនសង្ស័យបានទម្លាក់ជនរងគ្រោះចោល ហើយនិយាយប្រាប់ជនរងគ្រោះថា “ចាំហ្នឹងហើយ មីងទិញអីវ៉ាន់ឱ្យអូនលេង” រួចក៏គេចខ្លួនបាត់ដោយចាំយូរពេកជនរងគ្រោះបានឃើញមនុស្សស្រីម្នាក់បានដើរមកជិតខ្លួនក៏ប្រាប់ថា “មីងជូនខ្ញុំទៅសាលា” ដោយឃើញស្ថានភាពជនរងគ្រោះក៏សួរនាំដោយនឹកស្មានថាជាសិស្សរៀននៅសាលាក្បែរនេះក៏ឌុបយកទៅសាលាបឋមតាខ្មៅ ។ ពេលទៅដល់ទីនោះលោកគ្រូនាយករងឆ្លើយថា មិនមែនជាសិស្សរបស់គាត់ទេ ។ លោកនាយករង និងស្ត្រីខាងលើបម្រុងដឹកជនរងគ្រោះមកប៉ុស្តិ៍តាខ្មៅ តែពេលមកដល់ផ្លូវ២១A ជនរងគ្រោះបាននិយាយប្រាប់ថា ផ្ទះខ្លួនទៅតាមនេះ លោកនាយករង និងបងស្រីបានជូនទៅដល់សាលាតាម៉ាកុរស្មីសាមគ្គី ធ្វើការប្រគល់ជូនគ្រូ និងម្តាយជនរងគ្រោះនៅទីនោះទៅ ហើយត្រឡប់មកផ្ទះរៀងៗខ្លួនតែម្តង។

រហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ សួរបំភ្លឺលោកនាយរងសាលាបឋមតាខ្មៅ និងម្តាយជនរងគ្រោះ ករណីនេះពិតជាមានដូចការរៀបរាប់ខាងលើប្រាកដមែន។ បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

Share This Post: