ព័ត៌មានជាតិ

សុទ្ធតែទូរស័ព្ទ លួចបានមិនចេះតិច ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់

BY
srey nuch
January 18, 2021

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦៖៣៥នាទី នៅចំណុច ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច (យកទូរស័ព្ទដៃ) ០១ករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ពៅ សារ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលលួចយកទូរស័ព្ទដៃចំនួន ១៥គ្រឿង ដែលជារបស់ជនរងគ្រោះឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះខាងលើ។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
-ទូរស័ព្ទដៃចំនួន ១៥គ្រឿង ក្នុងនោះមានម៉ាក VIVO ចំនួន ០៦គ្រឿង និងម៉ាក OPPO ចំនួន ០៩គ្រឿង
-ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ដែលមានលេខតួ-ម៉ាស៊ីន 5810069 ពាក់ស្លាកលេខ បាត់ដំបង 1AL 0159 (ជាមធ្យោបាយប្រព្រឹត្តបទល្មើស) បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: