ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកលក់ប្រហិតស្រវឹង បើករ៉ឺម៉កម៉ូតូបំពានស្តុប ត្រូវរថយន្ត PRIUS បុកប៉ើងក្រឡាប់ផ្ងារជើង ចុងក្រោយអ្នកលក់ប្រហិតលុតជង្គង់សំពះសុំទោស ដោយសារអត់លុយសង

    BY Khmernote Media January 19, 2021
    អ្នកលក់ប្រហិតស្រវឹង បើករ៉ឺម៉កម៉ូតូបំពានស្តុប ត្រូវរថយន្ត PRIUS បុកប៉ើងក្រឡាប់ផ្ងារជើង ចុងក្រោយអ្នកលក់ប្រហិតលុតជង្គង់សំពះសុំទោស ដោយសារអត់លុយសង

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូរ៉ឺម៉កលក់ប្រហិត ឆ្លងកាត់ផ្លូវបំបែកជាបួន បំពានភ្លើងស្តុបចរាចរណ៍ (ពណ៌ក្រហម) ត្រូវនារីម្នាក់បើករថយន្ត PRIUS ទៅបុកបើងខ្ទាតរាយប៉ាយប្រហិតនិងសម្ភារពេញផ្លូវ ក្រឡាប់រ៉ឺម៉កផ្ងារជើងម្ខាង សង្កត់ម្ចាស់រងរបួសដៃនិងជើង ចំណែករថយន្តបានខ្ទាតទៅប៉ះ ខឿនចិញ្ចើមផ្លូវបន្តិចទៀត ក៏ផ្ទុះពោងការពារសុវត្ថិភាព និងរលត់ម៉ាស៊ីនបើកទៅមុខមិនរួច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០០:១០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ (ស្តុបគីរីរម្យ) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស (TOYOTA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-5531 បើកបរដោយនារីរូបស្រស់វ័យក្មេងម្នាក់ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុ(ផ្លូវបំបែកជាបួន ស្តុបគីរីរម្យ) ភ្លើងស្តុបពណ៌បៃតង រថយន្តបានបន្ថែមល្បឿនឆ្លងកាត់បានពាក់កណ្ដាលផ្លូវហើយក៏ស្រាប់ តែមានបុរសម្នាក់ទំនងជាស្រវឹងស្រា បើកបរម៉ូតូរ៉ឺម៉កលក់ប្រហិត (ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AH-0104) ធ្វើដំណើរតាមផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ដោយឆ្លងកាត់ផ្លូវបំបែកជាបួន ទាំងបំពានភ្លើងស្តុបចរាចរណ៍ (ពណ៌ក្រហម) បំណងចង់បើកឲ្យផុតតែមិនផុត ក៏ត្រូវរថយន្តខាងលើបើកទៅបុកពេញទំហឹង ប៉ើងខ្ទាតរាយប៉ាយប្រហិតនិងសម្ភារពេញផ្លូវ ក្រឡាប់រ៉ឺម៉កផ្ងារជើងម្ខាង សង្កត់ម្ចាស់រងរបួសដៃនិងជើង ចំណែករថយន្តបានខ្ទាតទៅប៉ះ ខឿនចិញ្ចើមផ្លូវបន្តិចទៀត ក៏ផ្ទុះពោងការពារសុវត្ថិភាព និងរលត់ម៉ាស៊ីនបើកទៅមុខមិនរួច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    ភ្លាមៗនោះមានបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះបាននាំគ្នាជួយលើកម្ចាស់រ៉ឺម៉កនិងនាំមកអង្គុយកៅអី ដើម្បីសង្គ្រោះបឋម បន្តិចក្រោយមកមានរថយន្តសង្គ្រោះគ្លីនិកឯកជនមួយគ្រឿងបានមកដល់ តែម្ចាស់រ៉ឺម៉កប្រាប់ថា មិនទាន់ទៅពេទ្យទេ ទើបខាងរថយន្តសង្គ្រោះបានជួយលាងរបួសនិងជូនសម្អាតឈាមរួចក៏ត្រលប់ទៅវិញបាត់ទៅ។

    បន្ទាប់ពីបុរសម្ចាស់រ៉ឺម៉កខាងលើមានឈ្មោះ រ៉េត ភារ៉ា អាយុ៣០ឆ្នាំជាង សព្វថ្ងៃប្រកបរបរលក់ប្រហិតតាមម៉ូតូរ៉ឺម៉កខាងលើ ដើម្បិចិញ្ចើមគ្រួសារ(ប្រពន្ធម្នាក់ និងកូន៣នាក់ទៀត) បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ រូបគាត់លក់ប្រហិតបណ្ដើរ ភ្ញៀវដែលមកទិញប្រហិតហៅគាត់ហូបកំដរបណ្ដើរ គាត់ក៏បានហូបតិចតួចដើម្បីកំដរភ្ញៀវ លុះពេលដល់ម៉ោងកើតហេតុ គាត់បានបើករ៉ឺម៉កប្រហិតត្រលប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវ ព្រះសីហនុ ពីកើតទៅលិច និងបានទទួលស្គាល់ថាខ្លួនបើកបរដោយស្ថានភាពស្រវឹងនិងមិនបានគោរពភ្លើងសញ្ញាចរាចរណ៍ ពិតមែនតែដោយសារតែគ្មានលទ្ធភាព គាត់ក៏សុខចិត្តលុតជង្គង់ និងលើកដៃសំពះ សុំទោសទៅកាន់នារីវ័យក្មេងម្ចាស់រថយន្ត និងព្រមទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីឲ្យម្ចាស់រថយន្តលើកលែងទោស មិនយកទោសពៃរ៍ ប៉ុន្តែភ្លាមៗនោះម្ចាស់រថយន្តមិនទាន់ឆ្លើយតបភ្លាមទេ ព្រោះបុរសម្ចាស់រ៉ឺម៉កលក់ប្រហិត បើកបរក្នុងស្ថានភាពស្រវឹងហើយបើកបរទាំងបំពានភ្លើងស្តុបចរាចរណ៍ ទើបបានជានាងបើកទៅបុក បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ដូច្នេះហើយនាងមិនទាន់សម្រេចចិត្តភ្លាមៗបានឡើយ ដោយសុំពេលថតរូបភាព និងទូរស័ព្ទប្រាប់ប៉ារបស់នាងសិន។ តែចាត់ទុកថា សំណាងទៅចុះ ដែលប៉ារបស់នាងមានចិត្តអាណិត និងឃើញរបួសហើយខូចខាត សម្ភារលក់ប្រហិតអស់ទៀត ទើបសម្រេចចិត្តអប់រំណែនាំ ម្ចាស់រ៉ឺម៉កលក់ប្រហិតថា លើកក្រោយបើកបរគោរពភ្លើងស្តុបផង បើស្រវឹងហើយកុំបើកបរអី រួចបិទទូរស័ព្ទបាត់ទៅ។

    ក្រោយកើតហេតុ នារីរូបស្រស់វ័យក្មេងម្ចាស់រថយន្ត ក៏បានយករថយន្តរបស់ខ្លួន ដែលខូចខាតយកទៅជួសជុលខ្លួនឯង ដោយមិនទាមទារ សំណងអ្វីទាំងអស់ តែនាងក៏បានផ្ដែផ្ដាំថា លើកក្រោយបើកបរប្រយ័ត្នប្រយែងផង ព្រោះខូចខាតរបស់គេមិនមែនមាន មនោសញ្ចេតនាចឹងគ្រប់គ្នានោះទេ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: