ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលការផ្សាយព័ត៌មានមិនពិតថា “ចូលក្របខណ្ឌពេទ្យរដ្ឋអស់ម្នាក់ៗ ១៥,០០០$ មានសមត្ថភាពប៉ុន្តែអត់លុយគឺអស់សង្ឃឹម”

BY
srey nuch
January 20, 2021

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមច្រានចោលទាំងស្រុង ចំពោះអត្ថបទគេហទំព័រដើមរាំង ដែលបានចុះផ្សាយថា ចូលក្របខណ្ឌពេទ្យរដ្ឋអស់ម្នាក់១៥.០០០ដុល្លារ នៅខេត្តបន្ទាយមានជ័យ អ្នកមានសមត្ថភាពប៉ុន្តែអត់លុយ គឺអស់សង្ឃឹម។ ក្រសួងសុខាភិបាលសូមច្រានចោល នឹងសូមឲ្យមានការកែតម្រូវ លើការផ្សាយនេះជាចាំបាច់។

ក្រសួងសូមច្រានចោលទាំងស្រុងលើការចុះផ្សាយបែបចោទប្រកាន់មានចរិតញុះញង់ដោយគ្មានភាពច្បាស់លាស់បែបនេះ ធ្វើឲ្យឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃគ្មានបានសម្រាក។ ក្រសួងសុំបញ្ជាក់ថា ការជ្រើសរើសចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធក្នុងការសម្រេចចិត្តនោះឡើយ គឺគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះក្នុងការរៀបចំសំណើរមកក្រសួងផ្អែកទៅលើគោលការណ៍ណែនាំ។

ប្រសិនបើមានហេតុការណ៍កើតមានឡើងដោយចោទប្រកាន់បែបនេះ ក្រសួងសុខាភិបាល ស្នើសុំឲ្យអ្នកដែលលើកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភ័ស្ភុតាងច្បាស់លាស់ ដើម្បីឲ្យក្រសួងចាត់តាមនិតិវិធី ហើយទាំងអ្នកសូក និងអ្នកស៊ីសំណូក និងទទួលទោសដូចគ្នា។ ក្រសួងសូមច្រានចោលនូវការផ្សព្វផ្សាយមួយនេះ និងស្នើសុំឲ្យមានការកែតម្រូវលើការផ្សាយនេះជាចាំបាច់ ផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: