ព័ត៌មានជាតិ

ប្រើល្បិចធ្វើស៊ីអ្នករត់កង់៣ ចុងក្រោយរត់មិនរួច ត្រូវសមត្ថកិច្ចចាប់ជាប់ ហើយឆ្លើយសារភាពបែបនេះ

BY
srey nuch
January 20, 2021

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពសុំខ្ចី ទូរស័ព្ទពីអ្នករត់កង់បី ដើម្បីតេទៅមិត្តភក្តិ តែបែរជាយកទូរស័ព្ទនោះ រួចព្យាយាមរត់គេចខ្លួនហើយ ត្រូវបានម្ចាស់ស្រែកឆោឡោបង្កការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចតាមចាប់ខ្លួនបានតែម្តង។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង នៅវេលាម៉ោង០៩:០៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុងលេខ៥ ខាងកើតផ្សារចាក់អង្រែ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ចាន់ មករា ភេទប្រុស អាយុ២៩ឆ្នាំ ធ្វើការនៅណេត338 (ម្ដុំទួលពង្រ) ស្រុកកំណើតនៅម្ដុំដើមមៀន ក្រុងតាខ្មៅ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ជនរងគ្រោះ ឈ្មោះ សឿន សុខខឿន អាយុ៤៧ឆ្នាំ មុខរត់កង់បីស្នាក់នៅម្ដុំស្វាយរលំ ភូមិ៣ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមសម្ដីអ្នកបើកកង់បីឥណ្ឌាបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ជនសង្ស័យខាងលើហៅកង់បីឥណ្ឌាមួយគ្រឿង ជិះពីម្ដុំផ្លូវ២០៦ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅម្ដុំទួលពង្រ ដើម្បីខ្ចីលុយគេ លុះពេលទៅដល់ខ្ចីទូរស័ព្ទអ្នករត់កង់បីទំនាក់ទំនងទៅមិត្តភក្តិ តែមិត្តភក្តិមិនលើក ក៏ជិះដើររកមួយជុំពីរជុំ នៅតែរកមិនឃើញទៀតក៏អោយដឹកមកវិញ រួចបត់មកតាមផ្លូវបេតុង ជិតផ្សារចាក់អង្រែ បត់ចុះបត់ឡើង មកដល់ផ្លូវលេខ៨ ក៏ខ្ចីទូរស័ព្ទអ្នករត់កង់បី ដើម្បីទំនាក់ទំនងរកអ្នកនេះរកអ្នកនោះទៀត ហើយក៏ស្ទុះរត់គេចខ្លួនតែម្ដង។

ទើបគាត់ជិះដេញតាមស្រែកចោរៗថា មានជនសង្ស័យពាក់អាវក្រហមដៃវែងយកទូរស័ព្ទគាត់រត់កាត់តាមផ្លូវនេះ ទើបបង្កការផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ តាមរកមើលភិនភាគជនសង្ស័យ ស្រាប់តែប្រទះឃើញ ជនសង្ស័យកំពុងរត់គេចខ្លួន ទើបកម្លាំងប្រដេញចាប់បាននៅចំណុចខាងលើ ដោយដកហូតបានវត្ថុតាងទូរស័ព្ទ មួយគ្រឿង ម៉ាក Sumsung (របស់ជនរងគ្រោះ) ចំនួនមួយគ្រឿងផងដែរ ហើយជនរងគ្រោះក៏មកចង្អុលបង្ហាញថា ជនសង្ស័យជាអ្នកយកទូរស័ព្ទខ្លួនរត់គេចខ្លួនពិតមែន។

ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីសាកសួរផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទើបចេញពីមណ្ឌលកែប្រែបានប្រហែល២ខែប៉ុណ្ណោះ ហើយខ្លួនពិតជាបានខ្ចីទូរស័ព្ទរបស់អ្នកបើកកង់បីឥណ្ឌា ខាងលើ ហើយរត់គេចខ្លួនពិតប្រាកដមែន តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចុះមកចាប់បានតែម្ដង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួន យកសាកសួរនាំនៅ ស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់ ដោយមានជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: