ព័ត៌មានជាតិ

សង្ស័យជាការបង្ខាំងចាប់ជំរិតទារប្រាក់រវាងចិន និងចិនដូចគ្នា ត្រូវបានសមត្ថកិច្ចធ្វើការឡោមព័ទ្ធផ្ទះអស់ជិត២ម៉ោង រំដោះបានជនជាតិចិន២នាក់ និងបន្តយកទៅសួរនាំ

BY
srey nuch
January 20, 2021

រាជធានីភ្នំពេញ៖ សង្ស័យជាករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិនដូចគ្នា បន្ទាប់ពីកម្លាំងអាវុធហត្ថ ខណ្ឌចំការមន បានចុះទៅជួយរំដោះជនរងគ្រោះបាន ២នាក់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះមួយកន្លែងជាប់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ លើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះជាជនជាតិចិនទាំង ២នាក់ ដែលសមត្ថកិច្ចធ្វើការរំដោះបានខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយសារតែមានការរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថាមានករណីចាប់បង្ខាំងមនុស្ស និងសង្ស័យជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិនដូចគ្នាដូច្នេះហើយទើបកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់ផ្ទះកើតហេតុ រួចហើយក៏បានសហការជាមួយ និងកម្លាំងជំនាញបានធ្វើការឡោមព័ទ្ធផ្ទះ ខាងលើអស់រយៈពេលជិត ២ម៉ោង ទើបកម្លាំងអាវុធហត្ថ បានធ្វើការជួយរំដោះជនរងគ្រោះបាន២នាក់ ដែលជាបុរសជនជាតិចិនបានឈរស្រែកហៅនៅលើដំបូលផ្ទះត្រូវបានសមត្ថកិច្ច យកជណ្ដើរ ដាក់អោយចុះពីលើដំបូលផ្ទះមកក្រោមដោយសារតែផ្ទះខាងលើបានចាក់សោរទ្វារជាប់ទាំងក្រៅនិងក្នុង។

បច្ចុប្បន្នកម្លាំងអាវុធហត្ថក៏បាននាំជនរងគ្រោះប្រុស២នាក់ ដែលជាជនជាតិចិនយកទៅធ្វើការសាកសួរនៅមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បីអោយដឹងថាជាករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ឬក៏ជាករណីអ្វីផ្សេងទៀតអោយពិតប្រាកដ ៕

ដោយ៖ បងម៉េង​ ខ្មែរណូត

Share This Post: