ព័ត៌មានជាតិ

លោក តាំង គីមឡេង ត្រូវជនសង្ស័យមួយក្រុមជិះដេញកៀរម៉ូតូ និងគំរាមឲ្យឈប់ សង្ស័យមានបំណងបែបនេះ

BY
Khmernote Media
January 22, 2021

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះឃាត់បាន រួចប្រគល់ជូនអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរ បន្ទាប់ពីពួកគេជិះតាមពីក្រោយរួចកៀរឲ្យម៉ូតូរបស់លោកតាំង គីមឡេង ឈប់ម៉ូតូដោយសង្ស័យតែមានបំណងប្លន់ ទើបលោក តាំង គីមឡេង មិនព្រមឈប់បានជិះទៅរកកន្លែងមានមនុស្សច្រើន រួចទូរស័ព្ទប្រាប់មិត្តភក្តិអោយមកជួយ បង្កការភ្ញាក់ផ្អើល និងកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេចិនមួយយីហោ “ជីងជន“ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែល ១៥-១៦ឆ្នាំ ។ ចំណែកឯជនរងគ្រោះជាបុគ្គលល្បីឈ្មោះមួយរូប ដែលតែងតែមានមុខមាត់ជួយសង្គមគឺលោក តាំង គីមឡេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៩A ផ្លូវ២៧០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក (Honda Super Cup) ស៊េរីឆ្នាំ២០១៨ ពណ៌ស្វាយលាយស ពាក់ស្លាក់លេខភ្នំពេញ 1HU-0007 ជាមធ្យោបាយធ្វើដំណើរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ (តាំង គីមឡេង) បានជិះម៉ូតូម្ចាក់ឯង តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកជិតដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យជាច្រើននាក់ ជិះម៉ូតូ៤ទៅ៥គ្រឿង មកពីក្រោយហើយបានកៀរម៉ូតូជនរងគ្រោះ និងគំរាមឲ្យឈប់ តែជនរងគ្រោះមិនព្រមឈប់ ក៏បន្តជិះទៅមុខដើម្បីរកន្លែងសុវត្តិភាព លុះទៅដល់កន្លែងហាងមួយកន្លែង ក៏ឃើញមានមនុស្សច្រើន និងសន្តិសុខផងនោះជនរងគ្រោះក៏សម្រេចចិត្តជិះចូលសិន ចំណែកជនសង្ស័យក៏ជិះទៅមុខបាត់ ទើបជនរងគ្រោះទូរស័ព្ទប្រាប់មិត្តភ័ក្តនិងក្រុមការងារ បើករថយន្តមួយគ្រឿងអោយមកជួយ ដោយជនរងគ្រោះក៏បានប្រាប់ភិនភាគក្រុមជនសង្ស័យទាំងនោះដល់មិត្តភក្តិរបស់ខ្លួនដែរ ។

មួយសន្ទុះក្រោយមកជនសង្ស័យបានជិះប្រដេញគ្នាត្រឡប់មកវិញ ក៏ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿង ដែលជាមិត្តភក្តិជនរងគ្រោះនោះ ឃើញក៏ប្រដេញតាមកៀរម៉ូតូជនសង្ស័យឲ្យដួលក្បែរកន្លែងជនរងគ្រោះកំពុងរងចាំនោះ ឃើញដូច្នេះជនរងគ្រោះក៏ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន២នាក់ដោយឡែកបក្ខពួកផ្សេងទៀត បានបន្ថែមល្បឿនជិះរត់គេចខ្លួន ដោយមានរថយន្តស៊េរីទំនើបដដែល តាមពីក្រោយដែរ ។

ក្រោយមកជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន និងនាំទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យផងដែរ ដោយមានលោក តាំង គីមឡេង(ជនរងគ្រោះ)បានទៅដាក់ពាក្យបណ្ដឹងជាមួយផងដែរ ។

ពាក់ព័ន្ធករណីខាងលើក្រុមអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថា ជាករណីអ្វីនោះទេ តែប្រជាពលរដ្ឋសង្ស័យថា ជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះជាច្រើនមកហើយ ដោយធ្វើជាដេញវាយគ្នា ហើយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: