ពលករខ្មែរ ១៣៥នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានតាមបណ្តាខេត្ត ស្រុកនានា ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ
- BY
- srey nuch
- January 22, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ពលករខ្មែរ១៣៥នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបានបំពេញនូវវិធានសុខភាពបានយ៉ាងត្រឹមត្រូវ ដោយបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យនោះ។
ក្នុងឱកាសជូនដំណើរបងប្អូនពលករខ្មែរត្រឡប់ទៅលំនៅឋានតាមបណ្តាខេត្ត ស្រុក នានា កាលពីព្រឹកមិញនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថាពលករដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានចាកចេញពីមណ្ឌលចត្តាឡីស័កកងវ៉ាក្នុងក្រុងសិរីសោភ័ណនេះ មានចំនួន១៣៥នាក់ ស្រី ៧០នាក់ ដោយបានចាត់ចែងដឹក ជញ្ជូនបងប្អូនឱ្យបានត្រឡប់ទៅកាន់លំនៅឋានវិញតាមរថយន្តដឹកជញ្ជូនរបស់កងទ័ព។
ឯកឧត្តមបានថ្លែងទៀតថា សុខភាព និងស្ថានភាពនៃការស្នាក់នៅធ្វើចត្តាឡីស័កគឺមានភាពល្អប្រសើរ ដោយសារតែមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបានផ្តល់បន្ថែមនូវថវិកា សម្ភារស្នាក់នៅ និងគ្រឿងឧបភោគបរិភោគមកដល់ពលករនៅមណ្ឌលចត្តាឡីស័កនេះជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមមន្ត្រីសុខាភិបាលរួមអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធផងនោះ។ អភិបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើទៅដល់ពលករដែលត្រឡប់មកពីប្រទេសថៃត្រូវសហការជាមួយនឹងអាជ្ញាធរដោយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ពេញលេញគោរពតាមការណែនាំ និងអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីបញ្ចៀសនូវការចម្លងវីរុសកូវីដ១៩ ចូលទៅក្នុងសហគមន៍ឬក្រុមគ្រួសារនៅផ្ទះ ។
ជាមួយនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ បង្កើនការប្រុងប្រយ័ត្នថែមទៀត ចូលរួមអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ជែល រក្សាគម្លាតបុគ្គលនិងសង្គមដើម្បីគេចផុតពីការឆ្លងជំងឺកូវីដ១៩នោះ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: