កម្មករនិងកម្មការិនីជាង១ពាន់នាក់ បានធ្វើកូដកម្មទាមទារលក្ខ័ខណ្ឌការងារក្នុងក្រុមហ៊ុនមួយកន្លែង បាននាំគ្នាបិទនៅផ្លូវជាតិលេខ៣ បង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង
ខេត្តកំពង់ស្ពឺ៖ មានកម្មករកម្មការិនីក្រុមហ៊ុនហូលីដេ ឌីហ្សាញ (ផលិតដើមគ្រឹះស្មាស់) សរុប១,៣០៩នាក់ (ស្រី៩០៦នាក់) បានធ្វើកូដកម្មទាមទារលក្ខ័ខណ្ឌការងារចំនួន០៦ចំនុច តែមិនទាន់មានដំណោះស្រាយ ក៏នាំគ្នាបិទផ្លូវជាតិលេខ៣ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង មិនអាចធ្វើដំណើរបានឡើយ នាម៉ោង០១:២០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា ការធ្វើកូដកម្មនេះតាំងពីវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លក្ខ័ខណ្ឌការងារចំនួន០៦ចំណុចនោះមានដូចជា៖
១-ស្នើសុំផ្លាស់ប្ដូរប្រធានរដ្ឋបាល
២-ស្នើសុំអំឡុងពេលដែលក្រុមហ៊ុនព្យួរកិច្ចសន្យាការងារនៅដើមខែកុម្ភះខាងមុខនេះសូមកុំអោយក្រុម ហ៊ុនកាត់ប្រាក់បំណាច់ឆ្នាំ។
៣-ស្នើសុំលុយបាយថែមម៉ោង ៤០០០៛ ។
៤-ស្នើសុំអោយក្រុមហ៊ុនទទួលយក សហជីពដែលក្រុមហ៊ុនបានបញ្ឈប់អោយចូលធ្វើការវិញ។
៥-ស្នើសុំក្រុមហ៊ុនពេលកម្មករសុំច្បាប់មានសំបុត្រពេទ្យសូមកុំអោយកាត់ប្រាក់ឈ្នួល។
៦-ស្នើរសុំពេលអំឡុងពេលធ្វើកូដកម្មសូមកុំអោយក្រុមហ៊ុនកាត់ប្រាក់ឈ្នួល។
បច្ចុប្បន្នរងចាំមន្ទីរការងារនិងអាជ្ញាធរដោះស្រាយនិងសម្របសម្រួលជាមួយក្រុមហ៊ុន។ លុះរហូតមកដល់ម៉ោង០១:៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ដោយមិនទាន់មានដំណោះស្រាយទើបកម្មការិនី រោងចក្រ Holiday Design Cambodia Co.Ltd ខាងលើ បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៣ទាំងសងខាងផ្លូវ ដើម្បីតវ៉ារកដំណោះស្រាយ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយទិសដៅពីកំពង់ស្ពឺចូលទៅកាន់ រាជធានីភ្នំពេញ ស្ទះរាប់គីឡូម៉ែត្រហើយ មិនអាចធ្វើដំណើរបានឡើយ។
ប្រជាពលរដ្ឋ និងអ្នកដំណើរដែលកំពុងកកស្ទះស្នើរដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចុះជួយអន្តរាគមន៍ផង។ បើសិនជាបងប្អូនចង់ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣នេះ សូមមេត្តារងចាំសិនបើមកពេលនេះគឺជាប់នៅទីនេះដែរមិនខាន សូមអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះជួយសម្រួលបន្ទាន់ផង និងជួយShare ចែករំលែកផង ៕






ដោយ៖ បងម៉េង ខ្មែរណូត