ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានព្រះមុនីវង្សចាស់មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនាព្រឹកនេះ ព្រោះការដ្ឋានជួសជុលបង្កាន់ដៃស្ពានកំពុងចាប់ផ្តើម

    BY Khmernote Media January 27, 2021
    ស្ពានព្រះមុនីវង្សចាស់មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនាព្រឹកនេះ ព្រោះការដ្ឋានជួសជុលបង្កាន់ដៃស្ពានកំពុងចាប់ផ្តើម

    ភ្នំពេញ៖ ចាប់ផ្ដើមដំណើរការការដ្ឋានជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ស្ពានព្រះមុនីវង្សចាស់នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះហើយ ដោយការហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ គឺធ្វើឡើងពីត្រើយខាងកើតមកត្រើយខាងលិច ចំហៀងខាងឆ្វេង ដូច្នេះហើយបើសិនជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់អធ្យាស្រ័យផង គិតត្រឹមម៉ោង០៧:៣៥នាទីព្រឹកនេះ ចរាចរណ៍កំពុងមានការកកស្ទះយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីមុខបុរីប៉េងហួត(បឹងស្នោរ) រហូតមកដល់ស្ពានព្រះមុនីវង្ស ទោះជាយ៉ាងណាក៏ដោយគេសង្កេតឃើញកម្លាំងនគរបាលខណ្ឌច្បារអំពៅ កំពុងជួយសម្រួលចរាចរណ៍ផងដែរ ។

    សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌច្បារអំពៅ កាលពីព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញ សេចក្តីជូនដំណឹងមួយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។

    ជាក់ស្ដែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌច្បាអំពៅ បានចេញសេចក្តីជូនដំណឹង ចុះលេខ ០០៥/២១ សជណ. ចអព .អណ៣ ស្ដីពី ការហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពាន ព្រះមុនីវង្សចាស់។

    អាស្រ័យដូចបានជម្រាបជូនដំណឹង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ នៅក្នុងអំឡុងពេលនៃដំណើរការ ការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះ ដោយក្ដីអនុគ្រោះ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: