សិស្សថ្នាក់ទី១២ ម្នាក់នៅវិទ្យាល័យ ជាស៊ីម បឹងកេងកង ត្រូវក្រុមក្មេងស្ទាវព្រួតគ្នាកា.ប់រហូតដល់បាត់បង់ជីវិត, សមត្ថកិច្ចចាប់ខ្លួនបាន៧នាក់
ព័ត៌មានជាតិ January 27, 2021 Khmernote Media

រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នាច្រើនប្រដាប់ដោយដាវ ព្រួតកាប់ទៅលើជនរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ រហូតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនោះ ពេលនេះកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនសង្ស័យនិងជនដៃដល់បានសរុប ០៧នាក់ ។

សូមបញ្ជាក់ថា ករណីអំពើឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បង្កឡើងដោយក្រុមជនល្មើស ប្រើដាវ កាប់ត្រូវក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់។

ជនរងគ្រោះមានឈ្មោះ សៅ ពិសិដ្ឋ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាស៊ីម បឹងកេងកង មានទីលំនៅក្នុងបុរីសេរីមង្គល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរងរបួសក្បាលជាទម្ងន់ ហើយបានបាត់បង់ជីវិត ពេលដែលបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត្រ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារបានអោយក្រុមការងារខ្មែរណូតដឹងថា ក្រុមជនល្មើសត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ជាបន្តបន្ទាប់ចំនួន៧នាក់ គិតចាប់ពីវេលាម៉ោង០៤:០០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយចាប់ផ្តើមចេញពីភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ហើយបន្តទៅភូមិក្តីចាស់ សង្កាត់បាក់ខែង និងបញ្ចប់ការចាប់ខ្លួននៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅម៉ោង០១:១០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បើគិតតាមពេលវេលាជាក់ស្តែង ក្រុមជនល្មើសត្រូវបានចាប់ខ្លួន ក្រោយពេលប្រព្រឹត្តអំពើឃាតកម្មលើជនរងគ្រោះ បានរយៈពេល៤ថ្ងៃ ។

គួរជម្រាបជូនថា កាលពីថ្ងៃធ្វើបុណ្យសព ព្រលឹងជនរងគ្រោះ សៅ ពិសិដ្ឋ មិនអស់ចិត្ត បានចូលសន្ធិតក្នុងខ្លួនប្អូនស្រីម្នាក់ ស្រែកទ្រហោយំរៀបរាប់ពីដំណើររឿងថា ខ្លួនកំពុងជិះម៉ូតូមិនដឹងខ្លួន ស្រាប់តែត្រូវក្រុមក្មេងស្ទាវមួយក្រុមកាប់ បណ្ដាលឲ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ធ្វើឲ្យសាច់ញាតិនៅក្នុងពិធីបុណ្យទាំងមូលនាំគ្នាស្រែកទ្រហោយំតាម ស្រណោះកូនក្មួយជួបរឿងអាណោចអាធ័មបែបនេះទៅវិញ ។

បច្ចប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

ដោយ៖ បងម៉េង ខ្មែរណូត