ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរកឃើញមានការបោកបញ្ឆោតតាមរយៈអ៊ីនធឺណេត​ទៅ​លើ​គ្រឹះស្ថាន​ធនាគារមួយចំនួននៅកម្ពុជា ព្រមទាំងមានវិធានការការពារ

    BY Khmernote Media January 27, 2021
    ក្រសួងរកឃើញមានការបោកបញ្ឆោតតាមរយៈអ៊ីនធឺណេត​ទៅ​លើ​គ្រឹះស្ថាន​ធនាគារមួយចំនួននៅកម្ពុជា ព្រមទាំងមានវិធានការការពារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដី​ជូន​ដំណឹង ស្ដីពីការកើនឡើង​ការ​បោក​បញ្ឆោត (Phishing) តាម​អ៊ីនធឺណេត​ទៅ​លើ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ព្រមទាំងមានវិធានការការពារ។ ចោរបច្ចេកវិទ្យា(Hackers) បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ(SMS) ឬសារអ៊ីម៉ែលទៅអ្នកប្រើប្រាស់ដោយមានខ្លឹមសារ” Your bank account has been logged in through another platform, Please verify again to protect your rights ” ហើយភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ស្រដៀងឈ្មោះធនាគាររបស់អ្នកប្រើប្រាស់។

    នៅពេលដែលអ្នកប្រើប្រាស់ចុចលើឈ្មោះដែននោះ នឹងចូលទៅគេហទំព័រក្លែងក្លាយមួយដែលមានរូបរាងនិងទម្រង់ស្ទើរតែដូចទៅនឹងគេហទំព័រគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយតម្រូវឲ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះគណនី ពាក្យសម្ងាត់ និងលេខកូដសម្ងាត់ជាដើម។ ប្រសិនបើអ្នកប្រើប្រាស់បញ្ចូលព័ត៌មានទាំងនោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាពចូលក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់ ហើយអាចបង្វែរសាច់ប្រាក់ទៅគណនីផ្សេងទៀតដែលបានគ្រោងទុកជាមុន។

    អ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែនដែលមានភ្ជាប់មកតាមសារខ្លី ឬអ៊ីម៉ែលនោះទេ។ សូមធ្វើការត្រួតពិនិត្យទៅលើឈ្មោះគណនីគេហទំព័រឲ្យបានច្បាស់ ជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ។ អ្នកប្រើប្រាស់មិនត្រូវឆ្លើយតបទូរស័ព្ទ សារខ្លី ឬអ៊ីម៉ែលដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួនទេ។ ជាទូទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនដែលស្នើសុំឲ្យអតិថិជនផ្ដល់លេខគណនី លេខសម្ងាត់ ឬលេខកូដOTPឡើយ។ ក្នុងករណីមានការសង្ស័យថា ខ្លួនធ្លាប់ចូលអន្ទាក់ចោរបច្ចេកវិទ្យា ដើម្បីអាចជួយដោះស្រាយទាន់ពេលវេលា។

    សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើកករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរស័ព្ទលេខ ០១៦ ៨៥១ ៦៧៨ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: