ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនមេការម្នាក់ នៅភោជនីយដ្ឋាន តាឪ ករណីនាំនារីក្មេងៗឲ្យភ្ញៀវតាមផ្ទះសំណាក់ ដើម្បីទទួលបានកម្រៃជើងសារ

    BY Khmernote Media January 28, 2021
    ចាប់ខ្លួនមេការម្នាក់ នៅភោជនីយដ្ឋាន តាឪ ករណីនាំនារីក្មេងៗឲ្យភ្ញៀវតាមផ្ទះសំណាក់ ដើម្បីទទួលបានកម្រៃជើងសារ

    រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោសពោលគឺ នាំនារីក្មេងៗ ស្អាតៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ជាថ្នូរនឹងកម្រៃជើងសារ ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីចំនួន៧នាក់ ក្នុងនោះមានអនីតិជនចំនួន៥នាក់។

    ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងសម្របសម្រួលនីតិវិធីពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់និងនារីរងគ្រោះ ក្មេងៗចំនួន៧នាក់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្យល់រូបនេះឈ្មោះ ឆយ ចន្ថា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនារីរងគ្រោះចំនួន ៣នាក់ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងនារីជនរងគ្រោះ ចំនួន៤នាក់ បន្ថែមទៀត ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ ហេងមហាសាល ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    យោងតាមសម្តីនារីបានអោយដឹងថា ភោជនីយដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅ បំរើភ្ញៀវនៅហាងចំពោះភ្ញៀវ ដែលចូលមកហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទ បាននាំមកអោយភ្ញៀវមើលនិងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ ១៦ឆ្នាំឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០ដុល្លារដល់ ១៥០ដុល្លារ។

    ចំពោះលុយបានមក គឺត្រូវអោយទៅមេខ្យល់ចំនួន១៥ដុល្លារទៅ២០ដុល្លារ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ២០ដុល្លារទៅ៥០ដុល្លារ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ស្រ្តីសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: