ថៃនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមកម្មករ ដែលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ ១៩ ម្នាក់ជាង ១០០ ដុល្លារបន្ថែមទៀត
- BY
- autoadmin
- February 1, 2021
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ក្រុមកម្មករថៃដែលបានរងនូវផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ ១៩ នឹងទទួលបានប្រាប់ឧបត្ថម្ភពីរដ្ឋាភិបាលបន្ថែមទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមលោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងមានចំនួន ៤ ០០០ បាត (១៣៣ ដុល្លារអាមេរិក) ហើយការផ្តល់ជូនលើកនេះគឺមានរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ ខណៈនាពេលកន្លងមកក្រុមកម្មករថៃទាំងអស់នេះធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភរយៈពេល ៣ ខែជាប់ៗគ្នានិងជាច្រើនលើករួចមកហើយ។

ក្រៅពីមានការកែប្រែរយៈពេលនៃការទទួលបានប្រាក់ឧបត្ថម្ភនិងចំនួនទឹកប្រាក់នោះ លក្ខខណ្ឌផ្សេងទៀតត្រូវបានបន្តអនុវត្តដដែល គឺអ្នកទទួលបានឧបត្ថម្ភនេះត្រូវតែជាពលរដ្ឋថៃ បានបាត់បង់ការងារព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ និងមានប្រាក់ក្នុងគណនីធនាគារមិនលើសពី ៥០០ ០០០ បាត (១៦ ៦៧៣ ដុល្លារអាមេរិក) នោះទេ។
នាពេលកន្លងក្រុមកម្មករដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះមានចំនួនប្រមាណជា ១១ លាននាក់មកពីក្រុមហ៊ុនឯកជនផ្សេងៗគ្នាជាច្រើន ហើយរដ្ឋាភិបាលថៃគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណជា ៤០ ពាន់លានបាតផងដែរនៅក្នុងយុទ្ធនាការផ្តល់ប្រាក់ឧបត្ថម្ភលើនេះ។ ថវិកាដែលរដ្ឋាភិបានថៃយកមកប្រើប្រាស់នៅពេលនេះគឺជាចំណែកមួយនៃកញ្ចប់ថវិកាចំនួន ១ លានលានបាត ដែលរដ្ឋាភិបាលថៃបានអនុម័តទុកសម្រាប់ជួយសង្គ្រោះ ជនរងគ្រោះដោយវិបត្តិនៃជំងឺកូវីដ ១៩។ សូមបញ្ជាក់ជូនថា សំណើសុំផ្តល់ប្រាក់ឧបត្ថម្ភខាងលើនេះបានដាក់ជូនដល់គណៈរដ្ឋមន្ត្រីថៃរួចរាល់រាល់ ខណៈគេរំពឹងថាសេចក្តីសម្រេចផ្លូវការនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






