ជនជាតិចិនជិះម៉ូតូបញ្ច្រាសផ្លូវទៅបុកម៉ូតូសិស្សសាលាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់៣នាក់
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សរបួសធ្ងន់៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារបុរសជនជាតិចិន២នាក់ ជិះម៉ូតូបញ្ច្រាសទៅបុកជាមួយម៉ូតូឌ្រីមសង់របស់សិស្សសាលាពេញទំហឹង នៅផ្លូវព្រះមុនីវង្ស ចម្ងាយពីវិទ្យាល័យបឹងត្របែក ៤០០ម៉ែត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោង០៦ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនសិស្សសាលាម្នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-8669 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីច្រមុះជ្រូកក្បាលថ្នល់ ឆ្ពោះទៅវិទ្យាល័យបឹងត្របែក ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CD-9186 បើកបរដោយបុរសជនជាតិចិនពីរនាក់ ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ហើយថែមទាំងបញ្ច្រាសទិសចរាចរណ៍ បានជ្រុលទៅបុកចំម៉ូតូរបស់សិស្សសាលាខាងលើពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំងបីនាក់នៅនឹងកន្លែងកើតហេតុតែម្ដង បង្កការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះ រួមទាំងក្រុមគ្រូពេទ្យដែលនៅក្បែរនោះ ជួយសង្គ្រោះបឋមសិនផងដែរ នឹងទំនាក់ទំនងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន របស់មន្ទីរសម្រាកព្យាបាល ពន្លឺ មកដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿង ត្រូវបានផ្នែកវាស់វែងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកវាស់វែង និងដឹកយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត