ក្រសួងវប្បធម៌ចិនផ្តើមបង្រ្កាបករណីជួលស្រីស្អាតៗរាំបែបស្រើបស្រាលក្នុងពិធីបុណ្យសព
កន្លងមកនៅក្នុងតំបន់ខ្លះនៃប្រទេសចិនមានវប្បធម៌ដ៏ចម្លែកមួយគឺក្រុមគ្រួសារនៃសពបាននាំគ្នាជួលស្រ្តីស្អាតៗមករាំបែបសិចស៊ី ដើម្បីកំដរក្នុងពិធីបុណ្យសពព្រោះតែពួកគេយល់ថា កាលពីសាកសពនៅមានជីវិតគឺពួកគេចូលចិត្តការកំសាន្តរបៀបនេះតែគ្មានឱកាស ដូចនេះទើបគេសម្រេចរៀបចំការកំសាន្តសប្បាយដូចនេះដើម្បីឧទ្ទិសដល់ពួកគេ។ វប្បធម៌ចម្លែកនេះទទួល បានការសាទរពីប្រជាពលរដ្ឋមួយចំនួនតូច តែមានសាធារណៈជនមួយចំនួនក៏ធ្វើការរិះគន់ផងដែរ ដោយមតិរិះគន់បានសង្កត់ធ្ងន់ថា ក្នុងពិធីបុណ្យសពដែលក្រុមគ្រួសារនៃសពទាំងអស់កំពុងតែកាន់ទុក្ខ និងមានសេចក្តីក្រៀមក្រំជាខ្លាំងនោះ មិនគួរមានការកំសាន្តសប្បាយបែបស្រើបស្រាលដូចនេះទេ។
ដើម្បីលុបបំបាត់វប្បធម៌នេះ ពេលនេះក្រសួងវប្បធម៌ចិន បានចេញសេចក្តីប្រកាសជាផ្លូវការតែម្តងគឺហាមមិនឲ្យក្រុមគ្រួសារនៃសពជួលស្រ្តីស្អាតៗមករាំបែបសិចស៊ីក្នុងពិធីបុណ្យសព ទៀតទេ ហើយបើអ្នកណាហ៊ានបន្តធ្វើទៀតនឹងត្រូវរងពិន័យពីក្រសួងជាមិនខាន។ ជាងនេះទៅទៀតក្រសួងវប្បធម៌ចិន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរទៀតផង ដើម្បីឲ្យក្រុមសមត្ថកិច្ច ចុះធ្វើអន្តរាគមន៍លើរឿងនេះ។ ដូចនេះចាប់ពីពេលនេះទៅវប្បធម៌មានស្រ្តីស្អាតៗរាំបែបសិចស៊ីក្នុងពិធីបុណ្យសព និងលែងមាននៅក្នុងប្រទេសចិនទៀតហើយ៕
ភក្តី
ប្រភព៖medium

