ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ វត្ថុបុរាណខ្មែរដែលបាត់បង់ចំនួន ០៥មុខ អាចនឹងដឹកជញ្ជូនត្រលប់មកកម្ពុជាវិញ នៅចុងខែកុម្ភៈ

    BY Khmernote Media January 30, 2021
    មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ វត្ថុបុរាណខ្មែរដែលបាត់បង់ចំនួន ០៥មុខ អាចនឹងដឹកជញ្ជូនត្រលប់មកកម្ពុជាវិញ នៅចុងខែកុម្ភៈ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះថា វត្ថុបុរាណខ្មែរចំនួន ០៥មុខ ក្នុងចំណោមជាង ១០០មុខ អាចនឹងដឹកជញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២១ខាងមុខនេះ បើពុំមានអ្វីប្រែប្រួលទេនោះ។

    ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ គឺពិតជាដំណឹងដ៏គួរឱ្យរីករាយមែនទែន នៅពេលដែលយើងទទួលបានដំណឹងនេះ ព្រោះថា បន្ទាប់ពីដំណើរការចរចារអស់រយៈពេលជាង ៣ឆ្នាំ ទើបក្រុមគ្រួសាររបស់លោក ឌូក្លាស ឡាចហ្វដ (Douglas Latchford) បានព្រមព្រៀងបញ្ជូននូវវត្ថុបុរាណខ្មែរទាំងអស់ ដែលបានកាន់កាប់ និងរក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ ការចុះហត្ថលេខាព្រមព្រៀងគ្នាគឺបានកើតឡើងតាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក ទើបធ្វើឱ្យការដឹកជញ្ជូននេះ ពន្យាពេលមកទល់ពេលនេះ។

    ដោយឡែក ពាក់ព័ន្ធនឹងការបញ្ជូនវត្ថុបុរាណចំនួន ០៥មុខ ជាមុនសិននេះ ឯកឧត្តម ហាប់ ទូច បានពន្យល់ថា ដោយសារតែវត្ថុបុរាណទាំង ០៥មុខនោះគឺល្អឯកជាងគេ ដូច្នេះត្រូវតែជាអាទិភាពមុនគេក្នុងការនាំមកកម្ពុជាវិញ ហើយវត្ថុបុរាណជាង ១០០មុខទៀត ដែលនៅសេសសល់ ជាបំណែកខ្លះៗនោះ នឹងដឹកជញ្ជូនត្រលប់មកកម្ពុជាវិញជាដំណាក់កាលៗ។

    សូមបញ្ជាក់ថា វត្ថុបុរាណទាំង ០៥មុខ ដែលនឹងមកដល់មុនគេនោះរួមមាន ទី១.សិវស្តន្ទ (ព្រះឥសូរ និងព្រះស្កន្ទ) ទី២.កន្សៃទូក (ទម្រង់ក្បាលគ្រុឌ) ទី៣.ព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងនាងឧមា) ទី០៤ ព្រះនាងប្រាជ្ញាបារមី និងទី០៥ ទេពភេទប្រុស ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: