ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកចូលលួចម៉ូតូគេ ស្រាប់តែគេឃើញទាន់ស្រែកផ្អើលឆោឡោ ដេញតាមចាប់ជាប់

    BY Khmernote Media January 31, 2021
    ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកចូលលួចម៉ូតូគេ ស្រាប់តែគេឃើញទាន់ស្រែកផ្អើលឆោឡោ ដេញតាមចាប់ជាប់

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាចូលទៅលួចម៉ូតូពីក្នុងបន្ទប់ចេញមកក្រៅបានបន្តិច ស្រាប់តែកម្មករកាប់ជ្រូកឃើញទាន់ ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូគេចខ្លួន ផ្អើលកម្មករកាប់ជ្រូករាប់សិបនាក់ជួយរត់ដេញតាមរហូតដល់ផ្លូវសឡា កែងផ្លូវវេងស្រេង ទើបឡោមព័ទ្ធចាប់បានទាំងពីរនាក់ និងដកហូតវត្ថុតាងដែកកាច់កម៉ូតូមួយឈុត រួចប្រគល់ជូនកម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី៣ វាយខ្នោះយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ។

    ហេតុការណ៍នេះបានកើតឡើងនៅចំណុចបន្ទប់ដាក់ម៉ូតូកម្មករកាប់ជ្រូក នៅក្បែរសត្វឃាតជ្រូកភូមិដំណាក់ធំ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នាម៉ោង០៤:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ។

    ជនរងគ្រោះមានឈ្មោះថា ហៃ ចន្ទរស្មី ភេទប្រុស អាយុ២៨ឆ្នា មុខរបរជាកម្មករកាប់ជ្រូក ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ជាប់សត្វឃាតជ្រូកដំណាក់ធំ៣ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG-0200 ដែលជនសង្ស័យលួចយកចេញទៅបានពាក់កណ្ដាលផ្លូវ ។

    ជនសង្ស័យទី១.ឈ្មោះ វណ្ណ ថុនា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅដីឡូត៍មួយកន្លែង មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ធំ (ដកហូតវត្ថុតាងឧបករណ៍កាច់សោម៉ូតូមួយឈុត) ។ ជនសង្ស័យទី២.មានឈ្មោះ ឈុំ ឈាង អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំដីឡូត៍ទុកចោល ម្ដុំដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ភ្នំពេញ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-6462 ជាមធ្យោបាយធ្វើសកម្មភាព ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ខណៈពេលដែលកំពុងតែអូសចេញមកខាងក្រៅ ស្រាប់តែមានកម្មករកាប់ជ្រូកម្នាក់ទៀត ស្រែកពីលើជាន់ទីមួយថា ចោរៗ ធ្វើឲ្យរូបគេភ័យស្លន់ស្លោនាំគ្នារត់ចោលម៉ូតូគេចខ្លួនចេញពីកន្លែងធ្វើសកម្មភាព ទៅតាមផ្លូវវេងស្រេង តែត្រូវបានប្រជាពលរដ្ឋនិងអ្នករត់កង់បី ព័ទ្ធចាប់ពួកគេបានតែម្ដង ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: