អន្តរជាតិ

នៅចាំលោកតាដើរជុំវិញសួន ១០០ជុំ ដើម្បីរៃអង្គាសប្រាក់ជូនបុគ្គលិកពេទ្យម្នាក់នេះទេ? ឥឡូវលោកតាធ្លាក់ខ្លួនឈឺ និងវិជ្ជមានជាមួយជំងឺកូវីដ១៩ ទៀតផង

BY
autoadmin
February 1, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អនុសេនីយ៍លោក Tom Moore មានវ័យ ១០០ឆ្នាំ ដែលធ្លាប់បានរៃអង្គាសប្រាក់ចំនួន ៣៣ លានផោន ជួយដល់សេវាសុខភាពជាតិអង់គ្លេស ឬហៅកាត់ថា NHS ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Bedford បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺ និងត្រូវការជំនួយក្នុងការដកដង្ហើម។ កូនស្រីរបស់លោកបានរាយការណ៍ថា លោកតាចាប់ផ្ដើមទទួលការព្យាបាលជំងឺរលាកសួតកាលពីប៉ុន្មានសប្តាហ៍មុន ហើយកាលពីសប្តាហ៍មុននេះ គាត់ក៏បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ថែមទៀត។

លោកស្រី Ingram-Moore ដែលត្រូវជាកូនស្រីរបស់លោកតា បាននិយាយថា ឪពុករបស់គាត់មិនបានទទួលការព្យាបាលក្នុងបន្ទប់ ICU នោះទេ។ អ្នកនាំពាក្យក៏បាននិយាយថា លោកតា Tom Moore មិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឹ COVID-19 នោះទេ ដោយសារគាត់កំពុងមានបញ្ហារលាកសួតស្រាប់។ ជម្រាបដែរថាអតីតយុទ្ធជនកងទ័ពរូបនេះ ទទួលបានការចាប់អារម្មណ៍តាមរយៈការដើរ ១០០ជុំ នៅសួនក្នុងផ្ទះរបស់គាត់នៅឯវីឡា Marston Moretaine នៃ Bedfordshire ខោនធី នៅមុនថ្ងៃខួបកំណើតគម្រប់ ១០០ឆ្នាំ ហើយក៏ចំអំឡុងពេលមានការផ្ទុះឡើងដំបូងនៃជំងឺ COVID-19 ផងដែរ។

ព្រះមហាក្រត្រីយានីនៃចក្រភពអង់គ្លេស Elizabeth II ក៏បានព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ «អស្សឬទ្ធិ» ឱ្យលោកតាទៀតផង។ ហើយឥឡូវនេះទាំងតារា កីឡាករ អ្នកនយោបាយ និងពលរដ្ឋអង់គ្លេសដទៃទៀត កំពុងជូនពរលោកតាឱ្យឆាប់ជាសះស្បើយពីជំងឺទាំងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: