អន្តរជាតិ

ភូមាបានប្រកាសពីភាពអាសន្ននៅក្នុងប្រទេស បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី​ ត្រូវបានគេចាប់ខ្លួនទាក់ទងនឹងភាពមិនប្រក្រតីនៅក្នុងបោះឆ្នោត

BY
autoadmin
February 1, 2021

យោធានៃប្រទេសភូមាបានប្រកាសពីភាពអាសន្ននៅក្នុងប្រទេសតាមរយៈទូរទស្សន៍រដ្ឋនៅថ្ងៃនេះ បន្ទាប់ពីមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី​ និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាចរបស់គាត់ ត្រូវបានក្រុមយោធាចាប់ខ្លួននៅក្នុងការវាយឆ្មក់មួយនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារតែភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកន្លងទៅ។ អ្នកនាំពាក្យយោធាបាននិយាយថា ពួកគេនឹងស៊ើបអង្កេតភាពមិនប្រក្រតី និងការក្លែងបន្លំនៅក្នុងការបោះឆ្នោតទូទៅ ដែលត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ របាយការណ៍នោះនិយាយថា​ អនុប្រធានាធិបតី Myint Swe អតីតមន្រ្តីយោធាជាន់ខ្ពស់​នឹងធ្វើជាប្រធានាធិបតីស្តីទី ហើយលោក Min Aung Hlaing អគ្គមេបញ្ជាការកងទ័ពនឹងគ្រប់គ្រងប្រទេស។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យរបស់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅកាត់ថា NLD បានឱ្យដឹងថា ប្រធានាធិបតី Win Myint ក៏ត្រូវបានឃុំខ្លួនផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យដដែលដោយនិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានក្រុមយោធាបញ្ជូនទៅឃុំខ្លួននៅរដ្ឋធានី Naypyitaw ខណៈដែលប្រព័ន្ធអ៊ីនធឺណេតនៅក្រុង Yangon ត្រូវបានបង្អាក់។ យោធាអះអាងថា មានភាពមិនប្រក្រតីក្នុងការបោះឆ្នោតទូទៅ ដោយនិយាយថា​​ មានឈ្មោះស្ទួនរាប់លាននៅក្នុងបញ្ជីបោះឆ្នោត។ បញ្ហានេះទាមទារឱ្យរដ្ឋាភិបាល និងគណៈកម្មការរៀបចំការបោះឆ្នោត ត្រូវតែស៊ើបអង្កេត និងចាត់វិធានការភ្លាម៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: