រថយន្តបំផ្ទុះគ្រាប់បែកជាច្រើនគ្រឿង បានឆក់យកជីវិតមនុស្ស ១៥នាក់ និងធ្វើឱ្យរងរបួស ២៤នាក់ នៅភាគខាងជើងប្រទេសស៊ីរី
- BY
- autoadmin
- February 1, 2021
រថយន្តបំផ្ទុះគ្រាប់បែកជាច្រើនគ្រឿងបានសម្លាប់មនុស្ស ១៥នាក់ នៅភាគខាងជើងប្រទេសស៊ីរី។ ក្រសួងការពារជាតិតួកគីនិយាយថា គ្រាប់បែកបានផ្ទុះឡើងនៅទីប្រជុំជន Azaz និង al-Bab កាលពីថ្ងៃអាទិត្យ ដែលតំបន់ទាំងនេះត្រូវបានតួកគីគ្រប់គ្រង បន្ទាប់ពីការវាយលុកផ្នែកយោធាមួយនៅក្នុងឆ្នាំ២០១៩។ តួកគីរក្សាពួកគេឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីបណ្ដេញពួកសកម្មប្រយុទ្ធឃឺដ (Kurdish) ចេញពីតំបន់នេះ។

រូបភាពពី Azaz បានបង្ហាញពីរថយន្តមួយគ្រឿងដែលកំពុងឆេះ ហើយមនុស្សដែលរងរបួសត្រូវបានបញ្ជូនទៅរថយន្តសង្គ្រោះបន្ទាន់។ ការបំផ្ទុះទាំង ២លើក បានសម្លាប់មនុស្ស ១០នាក់ រួមទាំងជនស៊ីវិល និង ២៤នាក់ បានរងរបួស។ ការបំផ្ទុះរថយន្តមួយផ្សេងទៀតនៅថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ៥នាក់ និងធ្វើឱ្យរងរបួស ២២នាក់ នៅក្នុងទីក្រុង Afrin ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពី Azaz ។
គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ ប៉ុន្តែក្រសួងការពារជាតិទួកគីកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់ថាតើក្រុមសកម្មប្រយុទ្ធឃឺដស្ថិតនៅពីក្រោយការវាយប្រហារនេះឬយ៉ាងណា។ ប្រទេសស៊ីរីត្រូវបានញាំញីដោយសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកហើយ ខណៈស្ថានភាពសន្តិសុខនៅភាគខាងជើងនៃប្រទេស នៅតែមិនស្ថិតស្ថេរដដែល ចំពេលដែលអាជ្ញាធរតួកគីបានបង្កើនការវាយលុករបស់ពួកគេប្រឆាំងនឹងកងកម្លាំងឃឺដ ដែលទីក្រុង Ankara ចាត់ទុកថាជាភេរវករ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






