ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ព្រមាននឹងដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ហើយអំពាវនាវឱ្យមានការសហការជាអន្តរជាតិចំពោះបញ្ហានេះ
- BY
- autoadmin
- February 2, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានគំរាមដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះបានធ្វើរដ្ឋប្រហារយោធាចាប់ខ្លួនទីប្រឹក្សារដ្ឋ និងសមាជិកជាន់ខ្ពស់របស់បក្សកាន់អំណាច ហើយលោកក៏បានអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិរួមគ្នាមួយ ដើម្បីជំរុញពួកយោធាឱ្យប្រគល់អំណាចមកវិញ។

លោក ចូ បៃដិន បានថ្កោលទោសចំពោះការដណ្តើមអំណាចរបស់ពួកយោធា ទៅលើរដ្ឋាភិបាលដែលដឹកនាំដោយជនស៊ីវិល កាលពីថ្ងៃច័ន្ទម្សិលមិញនេះ និង ការឃុំខ្លួនមេដឹកនាំជាប់ឆ្នោត និងអតីតម្ចាស់រង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី ថាជាការ «វាយលុកដោយផ្ទាល់ទៅលើការផ្លាស់ប្ដូររបស់ប្រទេសនេះ ឈានទៅរកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
វិបត្តិនៅមីយ៉ាន់ម៉ាបង្ហាញពីការសាកល្បងដ៏ធំមួយជាលើកដំបូងរបស់លោក ចូ បៃដិន នៅក្នុងការសហការបន្ថែមទៀត ជាមួយសម្ព័ន្ធមិត្តលើបញ្ហាប្រឈមអន្តរជាតិ ជាពិសេសលើឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។ ជំហរនោះផ្ទុយពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលតែងតែធ្វើវាតែម្នាក់ឯង «អាមេរិកមុនគេ» ។ វាក៏តំណាងឱ្យគោលនយោបាយដ៏កម្ររវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ នៅពេលដែលពួកគេចូលរួមគ្នាក្នុងការថ្កោលទោសរដ្ឋប្រហារ និងអំពាវនាវឱ្យមានដំណោះស្រាយ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






