អន្តរជាតិ

រដ្ឋាភិបាលជប៉ុននឹងពង្រីកស្ថានភាពអាសន្នក្នុងតំបន់មួយចំនួនរហូតដល់ខែមីនា

BY
autoadmin
February 2, 2021

រដ្ឋាភិបាលជប៉ុនគ្រោងនឹងពង្រីកស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ អូសាកា និងអាណាខេត្តចំនួន ៨ ផ្សេងទៀត ខណៈដែលមន្រ្តីសុខភាពសាធារណៈកំពុងព្យាយាមដោះស្រាយលើបញ្ហាជំងឺ COVID-19 ។ ដូច្នេះមានន័យថា វិធានការនេះនឹងនៅតែមានសម្រាប់តំបន់ដែលបានរៀបរាប់ខាងលើ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បាននិយាយនៅថ្ងៃអង្គារនេះថា៖«ករណីថ្មីកំពុងធ្លាក់ចុះ។ ខ្ញុំគិតថា វិធានការមានប្រសិទ្ធភាពគឺផ្តោតលើការបរិភោគ និងការផឹក» ។

ស្ថានភាពគ្រាអាសន្នបច្ចុប្បន្នគ្របដណ្តប់លើទីក្រុងតូក្យូ និងខេត្តចំនួន ១០ ផ្សេងទៀត។ វានឹងផុតកំណត់នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខនេះ ខណៈកន្លែងតែមួយគត់ដែលនឹងត្រូវបានដកចេញគឺនៅខេត្តតូឈីជី។ ចំណែករង្គសាល និងភោជនីយដ្ឋានតំបន់ផ្សេងទៀត នឹងបន្ដស្នើសុំឱ្យកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេ។ អ្នកស្រុកនឹងត្រូវបានគេស្នើសុំមិនឱ្យចេញក្រៅបើមិនចាំបាច់ ហើយកន្លែងខ្លះអាចនឹងដកការរឹតត្បឹតវិញបានមុនកាលកំណត់ ប្រសិនបើស្ថានភាពធូរស្រាល។

បន្ទាប់ពីជួបជាមួយក្រុមប្រឹក្សា សំណើនេះនឹងលើកឡើងនៅក្នុងការប្រជុំគណៈកម្មាធិការ ហើយការសម្រេចចិត្តជាផ្លូវការនឹងចេញនៅពេលក្រោយនៅថ្ងៃអង្គារនេះ នៅក្នុងកិច្ចប្រជុំក្រុមការងាររបស់រដ្ឋាភិបាល។ បន្ទាប់មកលោក Suga នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីហេតុផលនៃការពន្យាពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: