ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក គ្រោងនឹងចុះពិនិត្យមន្ទីរពិសោធន៍នៅទីក្រុងវូហាន
- BY
- autoadmin
- February 3, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក គ្រោងនឹងទៅមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន នៃប្រទេសចិន ដែលជាកន្លែងស្ថិតនៅចំកណ្តាលនៃភាពចម្រូងចម្រាសជុំវិញប្រភពដើមនៃជំងឺ COVID-19 ។ ប្រភពបាននិយាយថា ក្រុមនេះត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅវិទ្យាស្ថានវូហានវិសាណូសាស្ដ្រ (Wuhan Institute of Virology) នៅថ្ងៃពុធនេះ។

ក្រុមនេះបានធ្វើការស៊ើបអង្កេតយ៉ាងពេញទំហឹងនៅក្នុងទីក្រុង ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីជួយរកប្រភពដើមនៃវីរុសនេះ។ រម្លឹកដែរថា រដ្ឋបាលចាស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជារឿយៗបានចោទប្រកាន់ថា វីរុសនៃជំងឺ COVID-19 បានលេចចេញពីវិទ្យាស្ថានមួយនោះ ដោយសារថាវិទ្យាស្ថានបានសិក្សាពីវីរុសកូរ៉ូណារបស់សត្វប្រចៀវ ប៉ុន្តែភាគីខាងចិនបានបដិសេធការចោទប្រកាន់នេះ។
ប្រភពបាននិយាយថា សមាជិករបស់ WHO អាចនឹងជួបជាមួយអ្នកជំនាញខាងវីរុសកូរ៉ូណាលើសត្វប្រចៀវឈ្មោះ Shi Zhengli នៅឯវិទ្យាស្ថាន។ អ្នកសង្កេតការណ៍ខ្លះជឿជាក់ថា ប្រទេសចិនកំពុងព្យាយាមបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការសហការជាមួយការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក ដោយផ្តល់ឱ្យក្រុមនេះនូវសិទ្ធិចូលវិទ្យាស្ថាន។ យ៉ាងណាក៏ដោយគេកំពុងរង់ចាំថា តើខាងប្រទេសចិននឹងឆ្លើយតបយ៉ាងដូចម្ដេចខ្លះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






