ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រឱ្យទៅប្រឡាយទឹកស្អាតមានជាសួនច្បារ មានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយដើម្បីទាញភ្ញៀវទេសចរទៅកម្សាន្ដ

    BY Khmernote Media February 3, 2021
    អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រឱ្យទៅប្រឡាយទឹកស្អាតមានជាសួនច្បារ មានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយដើម្បីទាញភ្ញៀវទេសចរទៅកម្សាន្ដ

    ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីរល្ងាចថ្ងៃ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យគម្រោងកែលម្អប្រឡាយទឹក មានទំហំទទឹងប្រវែង៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងាយជាង ១.៨០០ម៉ែត្រ អមសងខាងផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬហៅថា ផ្លូវ៦០ម៉ែត្រ ដោយកែលម្អដំណាក់កាលទីមួយ ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរាអង្គរឃ្យុងយូរ។

    ឯកឧត្ដម ហង់ ពៅ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងរៀបចំកែលម្អប្រឡាយទឹក អមសងខាងផ្លូវ៦០ម៉ែត្រនេះ ឱ្យទៅរបៀបជាកន្លែងសួនកម្សាន្ដ ដែលមានផ្លូវថ្មើរជើង មានកន្លែងអង្គុយកម្សាន្ត មានផ្លូវកង់ មានទឹកនៅក្នុងប្រឡាយខួបប្រាំងខួបវស្សា អមទៅដោយទេសភាពពណ៌បៃតងស្រស់ត្រកាល ដែលអ្នករស់នៅអមសងខាងផ្លូវនេះ នឹងមានការពេញចិត្ដ ព្រមទាំងទទួលបានភាពរីករាយមុនគេនៅក្នុងទីក្រុងសៀមរាប ។ ឯកឧត្ដមបានបន្ដថា កិច្ចការនេះបានចាប់ផ្តើមធ្វើពីពេលនេះតទៅ ដោយប្រើរយៈពេល១៨ខែ នឹងធ្វើហើយរួចរាល់ ក្រោយពេលដែលក្រុងសៀមរាប ទទួលបានផ្លូវរួចរាល់ចំនួន ៣៨ខ្សែផងដែរ។

    ឯកឧត្ដម ហង់ ពៅ បានបញ្ជាក់ថា គម្រោងកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះ នឹងធ្វើឡើងតាមដំណាក់កាលបន្ដទៀត រួមមាន៖ ប្រឡាយទឹកចាប់ពីចំណុចរង្វង់មូលនាងអប្សរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចដដែលឆ្ពោះទៅកាន់ចំណុចឆែកសំបុត្រ ផ្លូវទៅទស្សនាប្រាសាទអង្គរ និងទៅកាន់ប្រាសាទស្រះស្រង់ ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី។ជាមួយគ្នានេះផ្លូវនោះ ក៏មានសារមន្ទីរចំនួន៣ទៀតនៅអមផ្លូវ៦០ម៉ែត្រ នៃប្រឡាយទឹកនោះផងដែរ រួមមាន៖ សារៈមន្ទីរវាយនភណ្ឌវប្បធម៌អាស៊ី សារៈមន្ទីរកូរ៉េខាងជើង និងសារៈមន្ទីរ នរោត្ដមព្រះសីហនុអង្គរ។

    ឯកឧត្ដមបន្ដថា ការកែលម្អប្រឡាយទឹកនេះ ដោយសារតំបន់នោះជាតំបន់ដែលភ្ញៀវទេសចរធ្វើដំណើរទៅទិញសំបុត្រផង និងទៅទស្សនាតាមប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរផងដែរ។ ក្រោយពីស្ថាបនារួចនឹងមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: